ក្រុមហ៊ុន Evergrande ពន្យាពេលចេញផ្សាយរបាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដោយសារភាពយឺតយ៉ាវបញ្ហាសវនកម្ម

0

ដោយ៖ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group និយាយនៅថ្ងៃទី២២ មីនានេះថា ខ្លួននឹងមិនអាចចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ នៅត្រឹមថ្ងៃទី៣១ ខែមីនាតាមការតម្រូវដោយវិធានស្ដីពីការចុះបញ្ជីភាគហ៊ុនបានឡើយ ដោយសារការងារសវនកម្មមិនទាន់ត្រូវបានបញ្ចប់។

បុត្រសម្ព័ន្ធចំនួន២របស់ខ្លួនគឺក្រុមហ៊ុន China Evergrande New Energy Vehicle Group និងក្រុមហ៊ុន Evergrande Property Services Group ដែលចុះបញ្ជីនៅក្រុងហុងកុងក៏និយាយដែរថា ការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេនឹងត្រូវពន្យារពេល។

ក្រុមហ៊ុន Evergrande ដែលកំពុងជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ បានលើកឡើងតាមរយៈឯកសារផ្សារហ៊ុនថា ដោយសារ “ការប្រែប្រួលខ្លាំងភ្លាមៗ” នៅក្នុងប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆមាសទី២ចុងឆ្នាំ២០២១ សវនករបានបន្ថែមនីតិវិធីសវនកម្មមួយចំនួនធំ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក នេះនឹងចេញផ្សាយលទ្ធផលសវនកម្មប្រចាំឆ្នាំរបស់ខ្លួន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” បន្ទាប់ពីនីតិវិធីសវនកម្មត្រូវបានបញ្ចប់។

ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង៣ខាងលើនេះត្រូវបានផ្អាកពីការជួញដូរកាលពីថ្ងៃច័ន្ទ។ ការជួញដូរមូលបត្រក្រៅប្រទេសដែលបោះផ្សាយដោយក្រុមហ៊ុន Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក៏ត្រូវបានផ្អាកផងដែរ។

នៅក្នុងឯកសារដាច់ដោយឡែកមួយ ក្រុមហ៊ុន Evergrande Property Services និយាយថា ប្រាក់តម្កល់នៅធនាគារប្រមាណ២,១ពាន់លានដុល្លារអាមេរិករបស់ខ្លួនដែលតម្កល់ទុកជាប្រាក់ធានាសម្រាប់តតិយជនឬភាគីទី៣ ត្រូវបានធនាគារដែលពាក់ព័ន្ធទាមទារយកទៅកាន់កាប់។

ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដដែលនេះនិយាយថា ខ្លួននឹងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស៊ើបអង្កេតជុំវិញប្រាក់តម្កល់ធានានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here