ដោយ៖ សុផារី
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ”។
លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។
ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។
លោក ផៃ ស៊ីផាន បានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិតនៃការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ម៉្យាងវិញទៀត តម្រូវការក្នុងផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ តម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) និងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) ដែលជាកម្លាំងចលករជំរុញឱ្យមានកំណើនវិនិយោគ ជំរុញប្រសិទ្ធភាពនៃការនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ៕