ដោយ៖ សុផារី
សៀមរាប៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងប្រាប់អ្នករកស៊ីអចលនទ្រព្យថា បើសិនខេត្តសៀមរាប ត្រូវអនុញ្ញាតឱ្យមានអភិវឌ្ឍតាមបែបទីផ្សារចលនទ្រព្យនោះ គឺអង្គរវត្តរបស់យើង នឹងត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកមិនខានឡើយ។
ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោបានលើកឡើងថា ប្រសិនបើនៅខេត្តសៀមរាបសាងសង់ខ្ពស់នោះ អង្គរវត្តនឹងត្រូវដកចេញបញ្ជីបេតិកភណ្ឌពិភពលោក ហើយករណីនេះក៏មានកើតឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនផងដែរ ដោយការសាងសង់បំពានទៅនឹងលក្ខខណ្ឌ។
សម្តេចបានមានប្រសាសន៍ថា “សូម្បីប្រទេសជឿនលឿនដែលកសាងបំពានលក្ខខណ្ឌនៃអង្គការ ក៏ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកតែម្តង។ កម្ពុជាក៏ដូចគ្នា ប្រសិនបើយើងបំពានលក្ខខណ្ឌដែលអង្គការ យើងនឹងបាត់បង់លក្ខណសម្បត្តិជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនថា ប្រាសាទអង្គរវត្ត ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ”។
សម្តេចតេជោបញ្ជាក់ ថា កម្ពុជា បានចុះហត្ថលេខាបន្តការងារជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ៕