សម្តេចតេជោ៖ គម្រោងផ្លាស់ប្តូរផ្លូវរថភ្លើងចាស់ជាផ្លូវល្បឿនលឿនកំពុងស្ថិតនៅក្នុងដំណាក់កាលស្វែងរកដៃគូអភិវឌ្ឍន៍

0

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកនេះបានមានប្រសាសន៍បញ្ជាក់ថា គម្រោងផ្លាស់ប្តូរផ្លូវរថភ្លើងចាស់ៗទៅជាផ្លូវល្បឿនលឿន ដែលកម្ពុជាគ្រោងទុក កំពុងស្ថិតនៅក្នុងដំណាក់កាលស្វែងរកដៃគូអភិវឌ្ឍន៍។

សម្តេចតេជោមានប្រសាសន៍ថា ពេលនេះកម្ពុជាកំពុងសិក្សារកដៃគូធ្វើជាផ្លូវល្បឿនលឿន លើផ្លូវរថភ្លើងចាស់ដដែល បន្ទាប់ពីដំណើរការរថភ្លើងរាល់ថ្ងៃនេះ មិនទាន់សភាពការណ៍ គឺដើរយឺត។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចបានបន្តថា “យើងក៏កំពុងគិតគូរផងដែរលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលគួរឬមិនគួរនៃការដែលយើងមានប្រព័ន្ធផ្លូវដែកស្រាប់ តែហួសសម័យនិងធ្វើដំណើរបានត្រឹមតែ២០ឬ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយធ្វើជំនួសវិញដោយផ្លូវល្បឿនលឿនតែម្តង ហើយក៏នឹងមានការរៀបចំបន្ថែមទៀតជាមួយខ្សែរថភ្លើងនៅក្នុងប្រទេសនិងតភ្ជាប់ប្រទេសជិតខាង”។

សម្តេចក៏បានបញ្ជាក់ថា “យើងកំពុងពិចារណានិងស្វែងរកដៃគូ ដើម្បីអភិវឌ្ឍផ្លូវល្បឿនលឿនលើ ផ្លូវដែកដែលមានស្រាប់”។ ផ្លូវខ្សែរថភ្លើងដែលដំណើរការសព្វថ្ងៃមាន២ ខ្សែ គឺ ខ្សែភ្នំពេញ-ប៉ោយប៉ែត និង ភ្នំពេញ-ក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here