ដោយៈ សុផារី
សៀមរាបៈ ផ្លូវមួយខ្សែមានប្រវែង៧០គីឡូម៉ែត្រតភ្ជាប់ពីតំបន់សសរស្តម្ភនៃខេត្តសៀមរាប ទៅកាន់តំបន់អូរតាគី នៃខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេសាប កំពុងត្រូវបានសិក្សានិងស្វែងរកដៃគូរអភិវឌ្ឍន៍។
នេះបើតាមការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២២នេះ។

-->
សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ សម្តេចបានបញ្ជាឱ្យលោកស៊ុន ចាន់ថុល សិក្សានិងស្វែងរកដៃគូរអភិវឌ្ឍន៍ សម្រាប់គម្រោងសាងសង់ផ្លូវមួយខ្សែ ដែលមានប្រវែង៧០គីឡូម៉ែត្រ ដោយផ្លូវនេះមានទីតាំងចាប់ផ្តើមពីឃុំសសរស្តម្ភ ស្រុកពូក ខេត្តសៀមរាប ទៅកាន់ឃុំអូរតាគី ស្រុកថ្មគោល ស្រុកបាត់ដំបង។

សម្តេចថ្លែងថា “សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ យើងត្រូវរៀបចំផ្លូវដែលតភ្ជាប់ពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេសាប គឺពីតំបន់សសរស្តម្ភនៃខេត្តសៀមរាប ទៅកាន់តំបន់អូរតាគី នៃខេត្តបាត់ដំបង មានប្រវែង៧០គីឡូម៉ែត្រ”។
សម្តេចបន្តថា “យើងកំពុងសិក្សា និងស្វែងយល់ដៃគូអភិវឌ្ឍន៍ ដើម្បីសាងសង់។ នៅមានកិច្ចការច្រើនណាស់ដែលយើងត្រូវធ្វើ តម្រូវការសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង”៕
