ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានទិញមូលបត្របំណុលតម្លៃ៣លានដុល្លារពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងមានការចូលរួមពីសំណាក់លោក Clement Yang ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។
-->
ការចុះហត្ថលេខា រវាងក្រុមហ៊ុន Medtecs និងក្រុមហ៊ុន CAIC នេះ ដើម្បីចូលរួមចំណែក ក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងគាំទ្រដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ថវិកាដែលបានមកពីការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕