តើអ្នកបានដឹងអ្វីខ្លះពីស្ថាបត្យកម្ម និងលក្ខណៈពិសេសនៃសំណង់វិមានឯករាជ្យ

0

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ វិមានឯករាជ្យ អាចចាត់ទុកជាដូងព្រលឹងនៃរាជធានីចតុមុខ ឬរាជធានីភ្នំពេញ ប៉ុន្តែមនុស្សមិនច្រើនទេបានដឹងពីអត្ថន័យ និងលក្ខណៈពិសេសនៃស្ថាបត្យកម្មនេះ។

សំណង់ដែលតំណាងឱ្យការទាមទារសេរីភាព ហើយក៏ជានិមិត្តរូបដែលបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។

វិមានឯករាជ្យមានទីតាំងស្ថិតនៅចំណុចប្រសព្វគ្នា រវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។

តើបិតាស្ថាបត្យកម្មកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណ បានស្ថាបនា និងរចនាប្លង់ស្ថាបត្យកម្មនេះ មានលក្ខណៈពិសេសដូចម្តេច? វិមានឯករាជ្យត្រូវបានសាងសង់ឡើង ដោយវីរស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្នុងកំឡុងឆ្នាំ ១៩៥៨។

សំណង់វិមានឯករាជ្យ មានកម្ពស់សរុប ២០ម៉ែត្រ មានក្បាច់រចនាចំនួន ៥ជាន់។ លើសពីនេះទៀត សំណង់ដ៏លេចធ្លោនេះ បានលំអដោយក្បាលនាគចំនួន ១០០ (១ជាន់មានក្បាលនាគរាជចំនួន២០)។

ក្បាលនាគចំនួន ១០០នេះ មានឯកសារខ្លះបានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

កាលនៅមានជីវិត លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់បទសម្ភាសន៍ពិសេសផ្តាច់មុខ ជាមួយអគ្គនាយកគេហទំព័រ Propertyarea.asia ថា វិមានឯករាជ្យ បានយកលំនាំតាមប្រាសាទបាគង ក្នុងខេត្តសៀមរាប ជាតំណាងឲ្យទស្សនប្រាសាទភ្នំ ដែលបានសាងសង់នៅសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី១ ។

លោកសាស្ត្រាចារ្យធ្លាប់បានពន្យល់ថា “ប្រាសាទវិមានឯករាជ្យជាតំណាងឲ្យវប្បធម៌ អរិយធម៌ខ្មែរ ដែលសមស្របតាមនយោបាយដឹកនាំប្រទេសនាសម័យនោះ និងក្សត្រខ្មែរយើង ត្រូវគេចាត់ទុកជាបុត្ររបស់ព្រះព្រហ្ម ដែលយកអំណាចពីឋានលើ មកដឹកនាំប្រទេសជាតិ ទើបគេសាងសង់ប្រាសាទឲ្យខ្ពស់បែបនេះ”។

លោកភឿង សុភ័ណ្ឌ បានបន្ថែមថា ការសាងសង់វិមានឯករាជ្យ ជាការបូកបញ្ចូលនូវទស្សនៈធំៗទាំងអស់នេះ និងការបង្ហាញស្នាព្រះហស្តរបស់សម្តេចសីហនុ ដែលលោកបានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកម្លាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកម្លាំងទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។

ចំណែកក្បាលនាគទាំង ១០០ នៅលើវិមានឯករាជ្យ លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ បានថ្លែងថា ជាទូទៅ ក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាងឲ្យទេវកថា ព្រោះយើងមិនដែលឃើញនាគរាជទេ យើងឃើញតែពស់។ នាគរាជនៅលើវិមានឯករាជ្យ មានក្បាលចំនួន៥ និងបែរមុខទៅទិសទាំង៤ ដែលតំណាងឲ្យបារមីព្រះមហាក្សត្រ គ្រប់គ្រងដឹកនាំប្រទេស ។

លោកបន្តថា ក្បាលនាគទាំង១០០ បង្ហាញពីអំណាចបារមី នៃការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ ក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរ”។

ចំណុចពិសេសមួយទៀតរបស់វិមានឯករាជ្យ គឺដោយសារតែសំណង់នេះមានរចនាបថយ៉ាងលេចធ្លោរ ក៏ត្រូវបានគេយកលំនាំសាងសង់ នៅតាមបណ្តាខេត្តនានាមួយចំនួនផងដែរ ដូចជាខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្វាយរៀង។

សំណង់វិមានឯករាជ្យ គឺមានភាពលេចធ្លោរយ៉ាងខ្លាំង ហើយបានរំលេចចេញយ៉ាងច្បាស់ នូវអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ និងពេលយើងមើលទៅសំណង់វិមានឯករាជ្យ ហាក់ដូចជាកំពូលប្រាសាទ បានឈរនៅចំកណ្តាលទីក្រុងភ្នំពេញផងដែរ។

សំណង់វិមានឯករាជ្យ ជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្រ្ត ដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជា ព្រោះសំណង់នេះ បានបង្ហាញពីការទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង ហើយការសាងសង់សំណង់វិមានឯករាជ្យនេះឡើង គឺដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្ធបុរសខ្មែរ ដែលបានតស៊ូពលីជីវិត ក្នុងការដណ្តើមឯករាជ្យពីបារាំងវិញ។
សំណង់វិមានឯករាជ្យ ក៏បានបង្ហាញពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ គួបផ្សំជាមួយសិល្បៈសម័យទំនើបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here