ដោយ លោក លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia
ភ្នំពេញ៖ តើមហាអំណាចសេដ្ឋកិច្ចទី២ ភពលោកពិតជាកំពុងលេបកម្ពុជា? នេះជាសំណួរធំមួយ ដែលប្រជាជនកម្ពុជានិងអ្នកជំនាញមួយចំនួនកំពុងលើកជាសំណួររាល់ថ្ងៃ។
តាមរយៈការបង្ហូរទុនវិនិយោគ និងឥណទានសម្បទានរាប់ពាន់លានដុល្លារដល់កម្ពុជាក្នុងមួយឆ្នាំៗ តើពិតទេដែលប្រទេសចិនកំពុងលេបកម្ពុជា ឬផ្តល់ភាពរ៉ុងរឿងដល់កម្ពុជា សម្រាប់ដើមសតវត្សរ៍ទី២១នេះមែនឬ? វាទាមទារនូវការបកស្រាយតាមបែបវិទ្យាសាស្រ្តមួយ។
ការកសាងគ្រឹះនៃប្រទេសទាំងពីរ
ការចាប់ដៃជាមួយចិន តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០១២ និងត្រូវបានពូនជ្រុំដោយអតីតព្រះមហាក្សត្រកម្ពុជា សម្តេច ព្រះបរមរតនកោដិនរោត្តម សីហនុ និងបន្តពូនជ្រុំដោយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន និងកំពុងធ្វើឲ្យមានប្រតិកម្មចម្រុះ ទាក់ទងនឹងការងាកចាប់ដៃជាមួយចិន ហើយឃ្លាតឆ្ងាយពីលោកខាងលិច ដែលខ្ញុំនឹងបកស្រាយបន្តិចទៀតនេះ ក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។
ស្របពេលខួបនៃទំនាក់ទំនងកាទូត៦០ឆ្នាំ សម្រាប់ទំនាក់ទំនងកម្ពុជា ចិន ដែលមានភាពស្អិតល្មួតជាមួយគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងពាក់ព័ន្ធរៀបចំខ្លួនជាពិសេស ដើម្បីប្រារព្វខួបនៃទំនាក់ទំនង ដែលប្រៀបដូចដែកថែបនេះឲ្យស័ក្តិសមនឹងតម្លៃ និងភាពជាដៃគូនៃយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
រយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងប្រទេសទាំងពីរបានដើរលើផ្លូវរលាក់ផង និងផ្លូវក្រាលកម្រាលព្រុំដ៏ក្រហមឆ្អិនឆ្អៅផង ប៉ុន្តែអតីតកាលជារឿងអតីតកាល ហើយចិន និងកម្ពុជាកំពុងដើរលើផ្លូវរួមមួយនាពេលបច្ចុប្បន្ន ដើម្បីសមាហរណកម្មអនាគតកាលរួមគ្នា តាមរយៈការពូនជ្រុំនូវការកសាងភាពទុកចិត្តគ្នា តាមរយៈការគាំទ្រគ្នាទៅវិញទៅមក នៅលើគ្រប់របៀបវារៈកាទូតអន្តរជាតិ។
ប្រធានាធិបតីចិន លោក ហ្សី ជីនពីង ដែលបានមកទស្សនកិច្ចកម្ពុជាកាលពីខែឧសភា ឆ្នាំ២០១៧ លោកបានផ្ញើសារដ៏វែងមួយ ដែលបញ្ជាក់ពីទំនាក់ទំនងដ៏រ៉ឹងមាំ ទាំងផ្នែកវបប្បធ៌ម ប្រវត្តិសាស្រ្ត ទំនាក់ទំនងកាទូត និងការគាំទ្ររបស់កម្ពុជា។សារដ៏រញ្ជួយចិត្តរបស់ប្រធានាធិបតីចិន ហ្សី ជីនពីង បានលើកឡើងថា “កម្ពុជា ជាមិត្តដ៏អាចទុកចិត្តបានរបស់ចិន ហើយចិននឹងចូលរួមចំណែកការពារអធិបតេយ្យភាព បូរណៈភាពទឹកដី និងចូលរួមអភិវឌ្ឍន៍កម្ពុជា”។
សារប្រកបដោយអត្ថន័យនេះ បានធ្វើឲ្យកម្ពុជាកាន់តែមានភាពកក់ក្តៅ ដោយសារប្រទេសដ៏តូចមួយនេះ មានមហាអំណាចមួយនៅពីក្រោយ។ ជាមួយនឹងសារប្រកបដោយអត្ថន័យរាប់ពាន់នេះ ប្រមុខមេដឹកនាំចិន បាននិងកំពុងចាក់បង្ហូរទុនវិនិយោគជាង ២០ពាន់លានដុល្លារ ចាប់ពីទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៧។ ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាន ដែលបាននិងកំពុងប្រើប្រាស់ដោយរាជរដ្ឋាភិបាល ក្នុងការវិនិយោគភាគច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កសាង និងពង្រឹងមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។
មូលដ្ឋានសេដ្ឋកិច្ច
ការមកដល់នៃអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្តើមចេញពីមូលដ្ឋាន ដែលកម្ពុជាបានរៀបចំខ្លួនឯងរួចជាស្រេច ដើម្បីទទួលយកអ្នកវិនិយោគទាំងនោះ ព្រោះទោះកម្រិតទំនាក់ទំនងនយោបាយល្អបែបណាក្តី ប៉ុន្តែប្រសិនជាកម្ពុជាខ្លួនឯង មិនមានភាពទាក់ទាញ និងគេមិនអាចរកប្រាក់ចំណេញបាននៅទីនេះ ក៏គេមិនមកវិនិយោគនៅកម្ពុជាដែរ។
ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលដ្ឋានសំខាន់ៗ ដែលមិនអាចខ្វះបាន រួចទៅហើយ ទី១ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ទី២ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ទី៣ ច្បាប់វិនិយោគដ៏ល្អ សម្រាប់ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគអន្តរជាតិនានា និងច្បាប់ពន្ធមិនមានភាពស្មុគ្រស្មាញ។ ទី៤ អនុញ្ញាតឱ្យជនបរទេសមានសិទ្ធិវិនិយោគ ១០០ ភាគរយនៅកម្ពុជា ទី៥ ការផ្ទេរសាច់ប្រាក់ចេញពីកម្ពុជាមិនមានភាពស្មុគ្រស្មាញ។
ទី៦ ការប្រើប្រាស់ប្រាក់ដុល្លារចាយវាយយ៉ាងទំលំទូលាយក្នុងសកម្មភាពពាណិជ្ជកម្ម ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់អ្នកវិនិយោគ និងទី៧ ច្បាប់សហកម្មសិទ្ធិដែលផ្តល់ការអនុញ្ញាតឱ្យជនបរទេស គ្រប់គ្រងផ្ទះចាប់ពីជាន់ទី១ ឡើងទៅ សុទ្ធតែជាមូលដ្ឋានដ៏សំខាន់មិនអាចបដិសេធបាន សម្រាប់កាលានុវត្តន៍ភាពនៃកម្ពុជា ហើយកម្ពុជាបានក្លាយជា “កូនក្រមុំដ៏ស្រស់ស្អាតមួយ” ក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។
ចំណុចពិសេសមួយទៀត គឺការឈានឡើងរបស់កម្ពុជាពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ជាដែកឆក់មួយទៀត ដែលទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ល្បីៗ ពីជុំវិញពិភពលោកមកកាន់កម្ពុជា ដោយសារពួកគេមើលឃើញកំលាំងទិញកើនឡើង ដែលពួកគេអាចរកប្រាក់ចំណេញបានពីទីនេះ។ប្
រមុខរដ្ឋាភិបាលកម្ពុជា បាននាំកម្ពុជាមកកាន់កោះ “សន្តិភាព” ដោយឆ្លងកាត់ថ្លុកឈាម និងទឹកភ្នែក និងគំនរឆ្អឹងរាប់រយកន្លែងនៅទូទាំងប្រទេស ហេតុនេះកម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រទេស ព្រោះសន្តិភាពជាមូលដ្ឋាននៃអ្វីៗគ្រប់យ៉ាងសំរាប់ការរីកចម្រើន និងវិបុលភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងក្នុងជំនួបជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះថា “ខ្ញុំនឹងមិនឱ្យយអ្នកណាមកបំផ្លាញសន្តិភាពនៅកម្ពុជានោះទេ ដរាបណាខ្ញុំនៅទីនេះ”។ សម្តេចបន្តថា “ ខ្ញុំមិនព្រមទេ”។
ការវិនិយោគរបស់ចិននៅកម្ពុជា
បច្ចុប្បន្នមានក្រុមហ៊ុនចិនជាង ២០០០ បាននិងកំពុងវិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត ដែលបាននិងកំពុងត្រៀមខ្លួនចូលមកប្រទេសនេះ ដោយកាលពីឆ្នាំមុន មានទឹកប្រាក់ជាង ៤០០០លានដុល្លារ ដែលប្រទេសចិនបានបង្ហូរមកកាន់កម្ពុជា តាមរយៈឥណទានសម្បទាន (កម្ចីការប្រាក់ទាប) និងទឹកប្រាក់វិនិយោគរបស់អ្នកវិនិយោគចិន ចំនួន ១៤០០លានដុល្លារអាមេរិក ដែលបានវិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា។
បច្ចុប្បន្នក្រុមហ៊ុនយក្សជាច្រើនរបស់ចិន បានចូលមកវិនិយោគនៅកម្ពុជាលើវិស័យសំណង់ និងអចលនទ្រព្យដូចជា ក្រុមហ៊ុន The Prince Real Estate Group ក្រុមហ៊ុនអចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែលក្រុមហ៊ុនទាំងនេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។
ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះជាទីក្រុងខ្មោច និងមានមនុស្សតែ ៧០នាក់ បច្ចុប្បន្នបានក្លាយជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណ ៣លាននាក់ និងកំពុងប្រែក្លាយជាទីក្រុងនៃមជ្ឈមណ្ឌលជាពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ដោយបច្ចុប្បន្នមានអាគារពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងលំនៅដ្ឋានប្រមាណ ៧០អាគារ ដែលមានកំពស់ចាប់ពី ៥ជាន់ រហូតដល់ជាង ៦០ជាន់ កំពុងសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។
ក្រៅពីវិនិយោគលើវិស័យសំណង់ និងអចនវត្ថុ ក្រុមហ៊ុនចិនក៏ឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ថាមពលអគ្គិសនី និងវិស័យនាំមុខជាច្រើនទៀត។ ភ្ញៀវទេសចរចិនជាង ១,១លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១៧បាន និងកំពុងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ ដែលនាំមកនូវអ្នកវិនិយោគ ទេសចរណ៍មកពីទីក្រុងជាច្រើននៃប្រទេសចិនមកទស្សនាកម្ពុជា។
ទំនាក់ទំនងអន្តរជាតិ
ក្នុងទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ជារឿងទី១ ព្រោះគ្មានអ្នកណាជួយយើង ដោយមិនគិតផលប្រយោជន៍ខ្លួនឯងនោះទេ។ មានផលប្រយោជន៍ទើបមានទំនាក់ទំនងល្អ នេះជារឿងធម្មតាក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តរជាតិ។ ក្នុងសមរភូមិកាទូត និងចំណេះដឹង កម្ពុជាបានដើរតួនាទីកាន់តែសកម្មលើឆាកអន្តរជាតិ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាមានសំឡេងមួយនៅលើឆាកអន្តរជាតិដូចប្រទេសធំៗដែរ ហើយក្នុងការបោះឆ្នោត ឬការបញ្ចេញសំឡេងអ្វីមួយ កម្ពុជាតែងតែនៅខាងចិន ដើម្បីក្លាយជាមិត្តដ៏ល្អ និងអាចទុកចិត្តបានរបស់ចិន។
ភូមិសាស្រ្តនយោបាយ
នៅពេលនិយាយពីផលប្រយោជន៍ យើងត្រូវមើលកត្តាភូមិសាស្រ្តនយោបាយ ដែលមិនអាចមើលរំលងបាន។ ចិន បាននិងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនមកកាន់តំបន់អាស៊ី អាហ្រ្វិក តាមរយៈការផ្តល់ជំនួយឥតសំណងផង ជំនួយហិរញ្ញប្បទានផង និងជំរុញអ្នកវិនិយោគនៅតាមបណ្តាប្រទេសនានា ដែលខ្លួនអាចពង្រីកឥទ្ធិពលបាន។ និយាយជារួម។ និយាយដោយឡែកជាមួយកម្ពុជា ចិនបានចាប់ដៃកម្ពុជា និងជួយអភិវឌ្ឍន៍កម្ពុជា ដោយសារចិនចង់ពង្រីកឥទ្ធិពលនៅក្នុងតំបន់ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាក៏មានសំឡេងមួយ នៅលើឆាកអន្តរជាតិដូចប្រទេសធំដែរ។
ផ្ទុយទៅវិញ ចិនមិនអាចជ្រៀតចូលពង្រីកឥទ្ធិពលនៅបណ្តាប្រទេសជិតខាងកម្ពុ ជានោះទេ ដោយសារប្រទេសទាំងនោះ ជាមានជម្លោះផលប្រយោជន៍ជាប្រវត្តិសាស្រ្តជាមួយចិន និងជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ហើយប្រទេសទាំងនោះរួមទាំងថៃ និងភូមាផងដែរ បានក្លាយជាសម្ព័ន្ធមិត្តអាមេរិករួចទៅហើយ។
ហេតុនេះ ក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា អាចធ្វើជាមិត្តស្លាប់រស់របស់ចិន ដែលចិនអាចទុកចិត្តបាន ទើបចិនបានផ្តល់ជំនួយ និងជំរុញអ្នកវិនិយោគរាប់ពាន់ក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា។ ជាប្រតិកម្មថ្មីៗ មិនធ្លាប់មាន លោក ស្យង់ បូ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ មានក្រុមហ៊ុនចិនជាង ២០០០ កំពុងវិនិយោគនៅកម្ពុជា ដោយគិតត្រឹមតែឆ្ នាំ២០១៧ ទឹកប្រាក់វិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមាន ១៤០០លានដុល្លារអាមេរិក ប៉ុន្តែបើគិតបញ្ចូលទាំងហិរញ្ញប្បទានវិញ ចិនបានផ្តល់ជាង ៤០០០លានដុល្លារ នៅកម្ពុជាសម្រាប់តែឆ្នាំ២០១៧។
ជាមួយគ្នានេះ ចិនក៏បានផ្តល់សារដ៏ច្បាស់លាស់មួយថា “ ចិនវិនិយោគនៅកម្ពុជា មិនមែនជាការលាងលុយកខ្វក់ទេ ហើយការលើកឡើងរបស់លោកខាងលិចកន្លងមក គឺជាការច្រណែនពីភាពជាដៃគូ និងការរីកចម្រើនរបស់ប្រទេសទាំងពីរ”។
សរុបមកវិញការចាប់ដៃជាមួយចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែចិនបានក្លាយជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែលជួយអភិវឌ្ឍន៍កម្ពុជាផង ជួយការពារឯករាជ្យ អធិបតេយ្យភាពដល់កម្ពុជាផង និងនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពនាពេលអនាគត ប៉ុន្តែការចាប់ដៃជាមួយចិន ហើយបោះបង់លោកខាងលិច អាចជារឿងគ្រោះថ្នាក់មួយ។
ជាមួយនឹងទំនាក់ទំនងកាទូតដ៏ឈ្លាសវៃមួយ និងជាបុរសដែលត្រូវបានគេប្រសិទ្ធិនាមថា “ជាបុរសខ្លាំងរបស់កម្ពុជា” សម្តេច តេជោ មានសុបិនដ៏ធំមួយគឺប្រែក្លាយកម្ពុជា “ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់” ដូច្នេះការបោះបង់លោកខាងលិច មិនមែនជាជម្រើសរបស់សម្តេច តេជោ ទេ ទោះជាកម្ពុជាបានចាប់ដៃជាមួយចិនមិនអាចព្រលែងបានក៏ដោយ ក៏កម្ពុជាមិនព្រមលែងដៃលោកខាងលិច ដែលផ្តល់នូវទីផ្សារសម្រាប់នាំចេញទំនិញដ៏សម្បូរបែបពីកម្ពុជានោះទេ។ “ចិន ជាអ្នកផ្តល់ស្រូវ និងសាបព្រួសដល់កម្ពុជា ហើយលោកខាងលិច ជាអ្នកប្រមូលផលឲ្យកម្ពុជា ដើម្បីយកអង្ករមកចំអិនទទួលទានខ្លួនឯង”៕