ស្វែងយល់ពីចំណុចសំខាន់ៗនៃ “ប័ណ្ណកម្មសិទ្ធិដីធ្លី”? ចំនួនបីប្រភេទនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ដីធ្លី ដែលគេតែងនិយមហៅថា “វិស័យអចលនទ្រព្យ” នោះ កំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស ប៉ុន្តែវាក៏មានហានិភ័យទាក់ទងនឹងប័ណ្ណកម្មសិទ្ឋផងដែរ។

វិស័យអចលនទ្រព្យ ឬដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះមួយគឺ ច្បាប់ភូមិបាល ដែលប្រកាសអោយប្រើ និងចូលជាធរមាននៅឆ្នាំ ២០០១ និងបទបញ្ញត្តិមួយចំនួនទៀត ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ពីនិយមន័យការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ ។ល។ ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ ។

រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ដីធ្លី ហើយឯកសារទាំងនោះ យើងបែងចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹងប៉ុណ្ណោះ ។

ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវ ការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា ដូចជា ១) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ឬចុងសន្លឹក ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។

ទី២ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះក៏ជាប្រភេទប័ណ្ណភោគៈដូចទីមួយខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។

ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។

ដូច្នេះ ប្រភេទប័ណ្ណទី ១ និងទី ២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករ ស្របច្បាប់នៃដី ដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។

៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណា ដែលបានចុះបញ្ជីដីរបស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។

នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រម ដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណ ដើម្បីផ្តល់ភាពងាយស្រួល ដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។

វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០% ។

ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here