ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេលនិយាយពីការសាងសង់អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ គេពិតជានឹកឃើញគំរោងសាងសង់អាគារ Diamond Tower កំពស់៥៥៥ម៉ែត្រនៅទីក្រុងកោះពេជ្រ ដែលបានពន្យាពេលរហូតមកទល់ពេលនេះ។
គំរោងសាងសង់អាគារនេះទំនងជាលុបចោលវិញ ដោយក្រុមហ៊ុនOCICដែលគ្រោងសាងសង់អាគារនេះ ហាក់បន្តភាពស្ងៀមស្ងាត់រហូតមកទល់ពេលនេះ។
-->
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះថា ក្រុមហ៊ុនមិនទាន់មានផែនការអ្វីទាក់ទងនឹងការសាងសង់អាគារកំពស់ ៥៥៥ម៉ែត្រនេះនៅឡើយទេ។ អ្វីៗយើងមិនអាចនិយាយបានថាបន្តសាងសង់ឬអត់ទេនាពេលនេះ។

លោកបន្តថា “យើងគ្មានផែនការនៅឡើយទេ ក្នុងការកំណត់សាងសង់ឬមិនសាងសង់អាគារនេះ។
តាមគំរោងអាគារ Diamond Tower គ្រោងសាងសង់ស្ថិតនៅទីតាំងស្របគ្នា និងស៊ីគ្នា នឹងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត និងវិមានឯករាជ្យនាពេលសព្វថ្ងៃនេះ។
ការសាងសង់អាគារនេះ វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច សង្គមរបស់កម្ពុជាផងដែរ ខណៈអ្នកវិនិយោគអន្តរជាតិនានាបាន និងកំពុងប្រជែងគ្នាសាងសង់ អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ។
ក្រុមហ៊ុន THABUNRONG គ្រោងសាងសង់អាគារកំពស់ ៥៥០ម៉ែត្រ ស្ថិតនៅតំបន់ឌ្រីមលែនដ៍ និងគំរោងអាគារកំពស់៦០០ម៉ែត្រមួយទៀត គ្រោងសាងសង់នៅក្នុងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែនដែលស្ថិតនៅភាគខាងជើងក្រុងភ្នំពេញ៕