ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ខណៈទីផ្សារខុនដូកាន់តែមានភាពល្អប្រសើរ ក្រុមហ៊ុនអ័រគីដេវីឡាបានចាប់ផ្តើមបើកលក់គំរោងថ្មីរបស់ខ្លួន នៃអគារទី៤នៅក្នុងគំរោងនេះ បន្ទាប់ពីអាគារចំនួន៣បានលក់អស់ជាង៩០ភាគរយរួចហើយ។
ប្រធានផ្នែកលក់នៃគំរោងខុនដូអ័រគីដេវីឡាបានថ្លែងឲ្យដឹង ក្នុងពេលក្រុមបេក្ខភាពបវរកញ្ញាពិភពលោកបានចូលរួម ទស្សនាគំរោងនេះកាលពីម្សិលម៉ិញនេះថា ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ គម្រោងខុនដូអ័រគីដេបានលក់ដាច់អស់៣អគារ ដែលជាហេតុធ្វើឲ្យថ្ងៃនេះ ក្រុមហ៊ុនបង្ហាញគម្រោងអគារទី៤ជាផ្លូវការ។ ប្រធានផ្នែកលក់រូបនេះបានបន្តថា គម្រោងខុនដូ របស់យើង តែងតែធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការវិនិយោគទៅលើវិស័យអចលទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសទៅលើគម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីមផ្ទាល់តែម្តង។
-->
លោកបន្តថា “ដោយសារតែអតិថិជនមើលឃើញថា ទីតាំងស្ថិតនៅតំបន់សក្តានុពលខ្ពស់ក្នុងការរស់នៅ និងប្រកបអាជីវកម្ម ជាគម្រោងល្អបំផុតសម្រាប់ការរស់នៅ និងលំហែកាយ ព្រោះថាគម្រោងយើងជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមានកន្លែងស្នាក់នៅ លំហែកាយ ផ្សារទំនើបជាដើម។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ការលក់ខុនដូមានភាពល្អប្រសើរក្នុងឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកើនឡើងនូវជីវភាពប្រជាពលរដ្ឋ ការយល់ដឹងពីបែបបទជីវិតរស់នៅខុនដូកាន់តែមានភាពស៊ីវិល័យ និងការចូលមកដល់នូវអ្នកវិនិយោគអន្តរជាតិ ដែលពួកគេសម្រេចចិត្តទិញខុនដូសម្រាប់រស់នៅ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូនៅតែមានភាពល្អប្រសើរ ហើយការលក់នៅតែកើនឡើង ប៉ុន្តែមានការលើកឡើងពីម្ចាស់គំរោងមួយចំនួនថា ការលក់យឺត គឺដោយសារបច្ចុប្បន្នមានគំរោងខុនដូច្រើន ដែលធ្វើឲ្យអតិថិជនមានជម្រើសច្រើនជាងមុន។ លោកបានបន្តលើកជាឧទាហរណ៍ជាក់ស្តែងថា ពីមុនមានគំរោងខុនដូចំនួន១០ តែមានអ្នកទិញ១០០នាក់ ប៉ុន្តែបច្ចុប្បន្នអ្នកទិញឡើងដល់១៥០នាក់ តែគំរោងខុនដូបានកើនដល់ជាង១០០គំរោង។នេះហើយជាអ្វីដែលទីផ្សារកំពុងជួបប្រទះ ដែលមានន័យថាការទិញខុនដូនៅតែកើនឡើង៕