ដោយៈ សុខុម
អន្តរជាតិ: គម្រោងហេដ្ឋារចនាសម្ព័ន្ធសកល ខ្នាតយក្សមួយរបស់ក្រុមប្រទេសសមាជិកG7 ដើម្បីទប់ទល់នឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន អាចបង្ខំឱ្យបណ្ដាក្រុមហ៊ុនចិន ប្រឹងបង្កើនស្តង់ដារ ដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរជាមួយពិភពលោកទាំងមូល។
នេះជាអ្វីដែលអ្នកវិភាគជនជាតិចិន បានលើកឡើងកាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២៩ ខែមិថុនា។
គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រទេសG7 “ភាពជាដៃគូវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធសកល” (Global Investment and Infrastructure Partnership) ដែលបានដាក់ឱ្យដំណើរនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះមានបំណងកៀរគរមូលនិធិ ឱ្យបានរហូតដល់ទៅ៦០០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៧ សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់គម្រោងនានា នៅក្នុងបណ្ដាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។
យោងតាមសមាជិកនៃក្រុមប្រទេសG7បានឱ្យដឹងថា គំនិតផ្តួចផ្តើមខ្នាតយក្ស ដែលមានសហរដ្ឋអាមេរិក នៅពីក្រោយខ្នងនេះផ្តល់អាទិភាពលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្អែកលើគុណតម្លៃ គុណភាព និងតម្លាភាព។
លោក Guo Hai អ្នកសិក្សាស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសកលវិទ្យាល័យ South China University of Technology មានមូលដ្ឋាននៅប្រទេសចិន បានលើកឡើងថាគំនិតផ្តួចផ្ដើមនេះ មានគោលបំណងប្រជែងនឹងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន ហើយវានឹងធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង គិតគូរឡើងអំពីស្តង់ដារក្នុងវិស័យនានា ដូចជា សន្តិសុខទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។
លោកបានសង្កត់ធ្ងន់ថា “ប្រទេសចិន នៅចាញ់ក្រុមប្រទេស G7 ឆ្ងាយណាស់ លើបញ្ហាដូចចំណុចទាំងអស់នេះ និងបញ្ហាផ្សេងៗទៀតដូចជាបញ្ហាសិទ្ធិមនុស្សជាដើម”។
អ្នកជំនាញរូបនេះក៏បានលើកឡើងដែរថា “ប្រសិនបើប្រទេសចិន មិនអាចធ្វើសមាហរណកម្មវិធានក្នុងស្រុក ជាមួយពិភពលោកទាំងមូលបានទេ នោះខ្ញុំយល់ថា ប្រទេសចិន នឹងជួបការលំបាកក្នុងរយៈពេលវែង”។
លោកបានបន្ថែមទៀតថា ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្លាប់មានប្រវត្តិត្រូវការកម្លាំងជំរុញពីខាងក្រៅ ដើម្បីនាំមកនូវកំណែទម្រង់។ ផែនការថ្មីរបស់លោកចូ បៃឌិន ប្រហែលជាមិនអន់នោះទេ សម្រាប់ប្រជែងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន ឬទីផ្សារក្នុងស្រុករបស់ប្រទេសចិន”៕ South China Morning Post៕