ចំណុចវិជ្ជមានៈ កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យធ្វើការរហូតដល់៦២ភាគរយនៃប្រជាជនសរុប

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឆាយ ថនរដ្ឋមន្រ្តីក្តសួងផែនការបានអះអាងថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រជាសាស្ត្រ​មួយ​ ដែល​ប្រជាជន​ក្នុង​វ័យ​ធ្វើការ​អាយុ​ពី ១៥ ​ឆ្នាំ​ដល់៥៩​ឆ្នាំ មាន​ចំនួន​ជាង៦២% នៃ​ប្រជាជន​សរុប​ជិត១៧លាន​នាក់​។

លោកបានចាត់ទុកទិន្ន័យនេះ ​ជា​បរិបទ​ប្រជាសាស្ត្រ ​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ហៅថា “ភាគលាភ​ប្រជាសាស្ត្រ” ពីព្រោះ​ប្រជាជន ​ក្នុង​វ័យ​ធ្វើការ​មាន​ចំនួន​ច្រើន​លើសលប់ និង​ផលធៀប​អ្នក​ក្នុងបន្ទុក​មាន​ចំនួន​តិច​។

លោកឆាយ ថន ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ផែនការ​ថ្លែង​បែបនេះ ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ បើក​ទិវា​ប្រជាជន​ពិភពលោក​១១ កក្កដា លើក​ទី​៣៣ កាលពី​ថ្ងៃទី ​១១ ខែកក្កដាថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រជាសាស្ត្រ​មួយ ​ដែល​ប្រជាជន​ក្នុង​វ័យ​ធ្វើការ​អាយុ​ពី​១៥ឆ្នាំ​ ដល់៥៩ ឆ្នាំមាន​ចំនួន​ជាង៣ភាគ៥ (៣/៥) ឬ ៦២% នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ ២០១៩(​ជំរឿន​ឆ្នាំ​ ២០១៩ ប្រជាជន​កម្ពុជា​មាន១៥,៦ លាន​នាក់​)។

លោក​ថ្លែងថា​ “​នេះ​គឺជា​បរិបទ​ប្រជាសាស្ត្រ​មួយ ​ដែល​កំពុង​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ហៅថា ភាគលាភ​ប្រជាសាស្ត្រ ពីព្រោះ​ប្រជាជន ​ក្នុង​វ័យ​ធ្វើការ​មាន​ចំនួន​ច្រើន​លើសលប់ និង​ផលធៀប​អ្នក​ក្នុង​បន្ទុក​មាន​ចំនួន​តិច”។

ទោះជាយ៉ាងណា លោក ឆាយ ថន បានព្រមានថា ដើម្បី​ចាប់យក​ឱកាស​នៃ​ភាគលាភ​ ប្រជាសាស្ត្រ​ដែល​កំពុង​មាន ហើយ​ភាគលាភ​ប្រជាសាស្ត្រ​នេះ ​នឹង​អស់​ជា​បណ្តើរៗ​ចាប់ពី​ឆ្នាំ​២០៣៨​តទៅ ចាំបាច់​ត្រូវការ​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នានា ​ដូចជា ​សុខភាព​បន្ត​ពូជ​របស់​យុវវ័យ និង​ក្មេងស្រី​ទេ​សន្តរប្រវេសន៍ និង​នគរូបនីយកម្ម យុវជន និង​ការអប់រំ ការងារ និង​កម្លាំង​ពលកម្ម ការកើនឡើង​នៃ​ប្រជាជន​វ័យចាស់​នាពេល​ខាងមុខ យេនឌ័រ សិទ្ធិ​ក្នុង​ការចូលរួម និង​ការទទួល​បាន​ជាដើម​។

លោក​ថ្លែងថា​ បញ្ហា​ទាំងនេះទាមទារ​នូវ​ការធ្វើ​អន្តរាគមន៍ ​ឱ្យបាន​​ទាន់ពេល និង​ចំគោលដៅ តាមរយៈ​ការដាក់ចេញ​នូវ​គោល​នយោបាយ និង​វិធានការ​សមស្រប ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន បណ្តាល​មកលើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ ធនធាន​មនុស្ស​ឱ្យមាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ក្នុងការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​។

ទិវា​ប្រជាជន​ពិភពលោក១១ កក្កដា ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ពិភពលោក​មួយ​ដែល​មាន​ប្រជាជន​៨ ប៊ីលាន​នាក់​ឆ្ពោះ​ទៅរក​អនាគត​ដែល​មាន​ភាពធន់​ ដើម្បី​ចាប់យក​ឱកាស និង​ធានា​សិទ្ធិ និង​ជា​ជម្រើស​សម្រាប់​ទាំងអស់​គ្នា”។

យោងតាម​ទិន្នន័យ​ជំរឿន​ឆ្នាំ​ ២០១៩ ប្រជាជន​កម្ពុជា​ក៏មាន​និន្នាការ​កើនឡើង​ផងដែរ​ក្នុង​អត្រា​កំណើន១,៤% ក្នុង១ឆ្នាំ គិតពី​ឆ្នាំ​ ២០០៨ ដល់ ឆ្នាំ​២០១៩ ពី​ប្រមាណ​១៣,៤ លាន​នាក់​នៅ​ឆ្នាំ​២០០៨ ដល់​ប្រមាណ១៦ លាន​នាក់​នៅ​ឆ្នាំ២០១៩ ខណៈ ឆ្នាំ​១៩៩៨ (១១,៤​ លាន​នាក់​) ដល់​ឆ្នាំ​ ២០០៨ ​ក្នុង​អត្រា​កំណើន​ប្រចាំឆ្នាំ ១,៥%​។

ការកើនឡើង​នៃចំនួន​ប្រជាជន​កម្ពុជា​ នា​២ទសវត្សរ៍​ចុងក្រោយ​នេះ បណ្តាល​មកពី​ការធ្លាក់ចុះ ​នៃ​អត្រា​មរណភាព ​ការកើនឡើង​នៃ​អាយុ​សង្ឃឹម​រស់ និង​សម្ទុះ​កំណើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here