ដោយៈ គង់ សូរិយា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នកោះចំនួន១៩បាននិងកំពុងវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ឋសម្បទានពីរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តជាប់តំបន់ឆ្នេរ ដែលមានភាពល្បីល្បាញ និងអភិវឌ្ឍន៍លឿនជាងគេនេះ មានកោះសរុបប្រមាណចំនួន៣២ ក្នុងនោះមានកោះចំនួន១៩បាននិងកំពុងវិនិយោគដោយក្រុមហ៊ុនឯកជនចំនួន២៣។
អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណៈ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមានទី១ ក្រុងព្រះសីហនុ មានកោះចំនួន៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤។ ទី២ ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩។
ទី៣ ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២កំពុងវិនិយោគលើកោះចំនួន៦ និងទី៤ ស្រុកស្ទឹងហាវ មានកោះចំនួន១ផងដែរ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។
លោកបន្តថា “គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មានតួនាទីគ្រប់គ្រងគ្របដណ្តប់ និងឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថាន”៕