ភ្នំពេញ៖ ស្ត្រីកម្ពុជា មិនមែនជាស្ត្រីដែលគ្រាន់តែវិលជុំវិញចង្ក្រាននោះទៀតទេ ប៉ុន្តែក្នុងដើមសតវត្សរ៍ទី២១នេះ ស្ត្រីវ័យក្មេងជាច្រើនបានអភិវឌ្ឍន៍ខ្លួនពួកគេ ក្លាយជាអ្នកដឹកនាំតាមស្ថាប័ននានា ពិសេសវិស័យឯកជនក៏កាន់តែលេចវត្តមានស្ត្រីកាន់តែច្រើន ដែលបង្ហាញខ្លួនជាមួយភាពជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ។
ស្ត្រីជើងខ្លាំងទាំងបីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា គឺលោកស្រី តាំង ហួរ អគ្គនាយិកកាក្រុមហ៊ុន AMATAK Property Service Co, Ltd អ្នកនាង Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century21 Cambodia និងអ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia ពួកគេសុទ្ឋតែមានឆន្ទៈក្នុងការអភិវឌ្ឈន៍ខ្លួន និងក្រុមហ៊ុនរបស់ពួកគេរហូតសម្រេចបាន ជោគជ័យគួរឲ្យមោទនភាព។
លោកស្រីតាំង ហួរ
-->

មានអតីតកាលជាក្មេងដើរទូលនំលក់ ឆ្លងកាត់បទពិសោធន៍ការងាររាប់ជំពូក និងមានមុខជំនួញជាច្រើន ហើយក៏ធ្លាប់បរាជ័យជាច្រើនក្នុងមុខជំនួញផងដែរ ប៉ុន្តែស្ត្រីរូបនេះមិនដែលលះបង់ការតស៊ូនោះឡើយ។ ទីបំផុតស្ត្រីរូបនេះទទួលបានជគជ័យយ៉ាងគួរឲ្យមោទនភាព ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service Co, Ltd។
លោកស្រី តាំង ហួរ បានលើកឡើងពីទស្សនវិស័យ និងការដឹកនាំជីវិតរបស់ខ្លួនថា គ្មានជោគជ័យណាកើតឡើង ដោយគ្មានការតស៊ូនោះទេ ហើយគ្មានឆាកជីវិតរ៉ឹងមាំណា មិនឆ្លងកាត់ការលំបាកនោះទេ ទស្សនវិជ្ជានេះ គឺបីដូចជាឆាកជីវិតស្ត្រីរូបនេះផងដែរ។ ពេលនេះលោកស្រីបានមកឈរនៅទីតាំងមួយខ្ពស់ជាងមុខ សកម្មជាងមុន និងមានកិត្តិយសច្រើនជាងមុននៅក្នុងសង្គម។
ការងារធ្វើជំនួញ និងភាពជាភ្នាក់ងារអចលនទ្រព្យ មិនមែនជាការងារសាមញ្ញពេកនោះទេ ហើយក៏មិនងាយទទួលបានជោគជ័យដោយស្រួលឡើយ ព្រោះការងារនេះ ជាការងារត្រូវធ្វើជាមួយអ្នកមានទ្រព្យស្តុកស្តម្ភ និងអ្នកមានអំណាចនៅក្នុងសង្គម ហេតុនេះការកសាងទំនុកចិត្តជារឿងសំខាន់បំផុត។
ប៉ុន្តែការមានផែនការ និងយុទ្ឋសាស្ត្រច្បាស់លាស់ បានធ្វើឲ្យលោកស្រីតាំង ហួរអាចដឹកនាំក្រុមហ៊ុន AMATAK Property Service Co, Ltd បានដោយជោគជ័យ។
លោកស្រីបន្តថា “ខ្ញុំអស់សង្ឃឹម និងតែងតែផ្តល់កំលាំងចិត្តដល់ខ្លួនឯង មិនដែលរុញរាឡើយ ហើយការងារអ្វីក៏ដោយ យើងមិនអាចធ្វើត្រឹមតែដោយក្តីស្រលាញ់នោះទេ តែយើងត្រូវមានភាពប៉ិនប្រសព្វផងដែរ។លោកស្រីបន្តថា“យើងត្រូវមានជំនាញ និងប្រើប្រាស់ទេពកោសល្យរបស់ខ្លួនឲ្យអស់។
លោកស្រីតាំង ហួរមានយុទ្ឋសាស្ត្រនិងគោលដៅរបស់ខ្លួនច្បាស់លាស់ ដោយលោកស្រីបានបញ្ជាក់ថា “ចង់ជោគជ័យក្នុងវិស័យអចលនទ្រព្យ យើងត្រូវដាក់ផែនការឲ្យចំទិសដៅ ចំផលិតផល ចំគំរោងលុយ និងត្រូវនឹងតម្រូវការរបស់អតិថិជន។លោកស្រីបន្តថា “យើងក៏ត្រូវដឹងចិត្តអតិថិជន អាចជួយការងារអតិថិជន និងត្រូវមានភាពស្មោះត្រង់ និងនិយាយអ្វីឲ្យពិត ដើម្បីឲ្យគេផ្តល់ទំនុកចិត្ត។
លោកស្រីបន្តថា “ពេលណាយើងមានអតិថិជនមករកយើង ក្រុមហ៊ុនយើងសម្បូរអតិថិជន មានន័យថាយើងទទួលបានជោគជ័យហើយ..សើច…។
អ្នកនាង Grace Rachny Fong

មានឆាកជីវិតកំសត់មិនចាញ់ លោកស្រីតាំង ហួរឡើយ អ្នកនាង Grace Rachny Fong បច្ចុប្បន្នជានាយិកាប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia មានអតីតកាលជាក្មេងទូលផ្លែឈើលក់តាមភូមិ ធ្លាប់ញុំាបាយជាមួយអំបិល និងជាក្មេងស្រីមិនចេះនិយាយស្តីម្នាក់ ប៉ុន្តែការអត់ធ្មត់ និងបន្តអភិវឌ្ឍខ្លួនឯង ដោយយកការសិក្សាជាគោលដៅចម្បងក្នុងជីវិត បានធ្វើ ឲ្យស្ត្រីរូបនេះ ក្លាយជាគ្រូបង្វឹកផ្នែកអចលនទ្រព្យអាជីព និងមានការទទួលស្គាល់ជាអន្តរជាតិ ហើយកាលពីពេលថ្មីៗនេះ អ្នកនាង Grace Rachny បានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ។
ក្នុងចំណោមបងប្អូន៤នាក់ វាសនាបានបន្សល់តែអ្នកនាងម្នាក់ប៉ុណ្ណោះដែលបានរស់រានបន្ទាប់ពីរបបប៉ុល ពត ហើយបានចាកចេញពីស្រុកកំណើតមកកាន់ក្រុងភ្នំពេញ ជាមួយឪពុកមាក្នុងកំឡុងដើមទសវត្សរ៍ទី៩០ និងបន្តសិក្សានៅទីក្រុង ដែលទើបបើកចំហសេដ្ឋកិច្ចនាពេលនោះ។
ក្នុងរបបប៉ុល ពតក្មេងស្រីរូបនេះរៀនរស់តាមកាលៈទេសៈ ដោយពេលខ្លះមិនមានអ្វីបរិភោគបាយ ក្រៅពីអំបិលឡើយ។
អ្នកនាង Grace Rachny Fong បាននិយាយក្នុងភាពជឿជាក់ថា “ឆ្លងកាត់លំបាកទាំងអស់នោះ បានធ្វើឲ្យខ្ញុំរឹងមាំ និងអាចដោះស្រាយបានគ្រប់បញ្ហាកើតឡើង ទោះបញ្ហានោះលំបាកបែបណាក្តី គឺខ្ញុំតែងអាចរកមធ្យោបាយដោះស្រាយបានជានិច្ច។
អ្នកនាង Grace បានអភិវឌ្ឍន៍ខ្លួនឯងជាមួយនឹងការងារ និងការសិក្សាមិនចេះហត់នឿយ ដោយសារអ្នកនាងយល់ឃើញថា ការសិក្សាតាមរយៈការអានសៀវភៅ សិក្សាពីមនុស្សជំវិញខ្លួន ព្រមទាំងភាពជូចត់ក្នុងជីវិតនាអតីតកាល មិនត្រឹមតែអាចឲ្យ Grace Rachny អាចក្រោកឈរដោយរ៉ឹងមាំដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឲ្យស្ត្រីរូបនេះមានឳកាសចែករំលែកចំនេះដឹង បទពិសោធន៍ដល់អ្នកដទៃទៀតបានយ៉ាងច្រើន និងប្រកដដោយទំនុកចិត្តខ្ពស់។
អ្នកនាង Grace Rachny បានផ្តល់ទស្សនរបស់ខ្លួនថា ដើម្បីសម្រេចបានជោគជ័យ យើងត្រូវរៀនសូត្រកុំឈប់ និងមិនត្រូវហត់នឿយនឹងការសិក្សានោះទេ ធ្វើបែបនេះទើបយើងអាចអភិវឌ្ឍន៍ខ្លួនឯងបាន។ អ្នកនាងបន្តថា ក្រៅពីការបណ្តុះបណ្តាល ដោយផ្ទាល់នៅលក្រៅប្រទេស ខ្ញុំចូលចិត្តអានសៀវភៅប្រភេទសៀវភៅលើកទឹកចិត្ត អានកាសែត មើលទូរទស្សន៍ រៀនពីមនុស្សជំវិញខ្លួន។
អ្នកនាងបន្តថា “ស្ត្រីទាំងឡាយចូលប្រឡូកក្នុងសង្គម សិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយយកគុណតម្លៃរបស់ខ្លួនជួយដល់សង្គមវិញ។
អ្នកនាងអាន សុធីតា

ឆ្លងកាត់ឆាកជីវិត ជាមួយឪពុកម្តាយមានជីវភាពខ្វះខាត អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia ក៏បានឆ្លងកាត់ការលំបាកមិនតិចនោះទេ ដោយពេលមួយនោះអ្នកនាងបានទៅធ្វើការរោងចក្រ ដើម្បីសន្សំលុយរៀននៅមហាវិទ្យាល័យពេលយប់ដោយខ្លួនឯង។
ស្ត្រីវ័យក្មេងរូបនេះ បានរៀនជំនាញផ្នែក Accounting ប៉ុន្តែបែរជាក្លាយជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ដោយសារអ្នកនាងធ្វើការមិនប្រកាន់ខ្លួន មិនគិតពីពេលវេលាឈប់សម្រាក និងតែងតែអភិវឌ្ឍន៍ខ្លួនឯងជាមួយចំនេះដឹងផ្សេងៗ ពិសេសការងារលើវិស័យអចលនវត្ថុនានា។
ចាប់ផ្តើមការងារពីបុគ្គលិកសាមញ្ញ រហូតក្លាយជានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia មិនមែនជាការងាយស្រួលឡើយ តើអ្នកនាងមានវិធីសាស្ត្រអភិវឌ្ឈន៍ខ្លួនឯងយ៉ាងដូចម្តេច?
អ្នកនាងសុធីតាបាននិយាយប្រកបដោយភាពម៉ឺងម៉ាត់ថា “ខ្ញុំតែងតែចាត់ទុកក្រុមហ៊ុនខ្ញុំធ្វើការជាក្រុមហ៊ុនរបស់ខ្លួន និងទទួលខុសត្រូវនូវអ្វីដែលជាកាតព្វកិច្ចដែលត្រូវបំពេញ។អ្នកនាងបន្ថែមថា “ជាមួយគ្នានេះ យើងត្រូវមានភាពស្មោះត្រង់ គោរពក្រមសីលធ៌មវិជ្ជាជីវៈ និងធ្វើការងារដោយទឹកចិត្តចេញពីបេះដូង។
ទោះជាការងាររវល់ និងហត់នឿយបែបណាក៏ដោយ ក៏ស្ត្រីរូបនេះនៅតែបន្តការសិក្សារហូតដល់បច្ចុប្បន្ននេះ ដើម្បីពង្រីកការយល់ដឹង និងអាចជួយពង្រឹងក្រុមហ៊ុនឲ្យកាន់តែទទួលបានជោគជ័យថែមទៀត។
ក្នុងនាមជានាយិកាប្រចាំប្រទេស អ្នកនាងត្រូវមានជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ និងត្រឹមត្រូវ ហើយត្រូវមានជំនាញលក់ ដើម្បីធ្វើឲ្យប្រាកដថា ការលក់របស់យើងសម្រេចតាមផែនការ និងជំនាញគ្រប់គ្រងមនុស្ស ដែលអ្នកនាងមានអារម្មណ៍ថា ពិបាកជាងគេ។
អ្នកនាងធីតាបានបន្តថា “ការគ្រប់គ្រងមនុស្ស ខ្ញុំមានអារម្មណ៍ពិបាកជាងគេ ដោយសារក្រុមហ៊ុនមានបុគ្គលិកច្រើននាក់ និងមាន៦ជនជាតិ ដែលត្រូវធ្វើការជាមួយ។អ្នកនាងបន្តថា “ក្នុងតួនាទីជាស្ត្រីខ្មែរម្នាក់ ហើយមានតួនាទីដឹកនាំមនុស្សជាង៤០នាក់ គឺធម្មតាមានអត្តចរិក៤០ប្រភេទ ហេតុនេះយើងត្រូវប្រាកដថា ពួកគេអាចធ្វើការងារជាក្រុមនិងសម្រេចគោលដៅបាន។
វិធីសាស្ត្រដើមម្បីដឹកនាំក្រុមហ៊ុន និងដឹកនាំបុគ្គលិកក្រុមហ៊ុនធ្វើការដោយទទួលខុសត្រូវ និងសម្រចបានតាមផែនការរបស់ពួកគេ មិនមែនជាការងាយឡើយ។
ដំណោះស្រាយបញ្ហានេះ អ្នកនាងធីតាបានលើកឡើងថា “យើងត្រូវរួមចំណែកជោគជ័យ និងលំបាកជាមួយបុគ្គលិក ហើយយើងត្រូវផ្តល់ការងារល្អ និងចំណូលពីការងារសមរម្យសម្រាប់បុគ្គលិក។ អ្នកនាងបន្តថា “លើសពីនេះយើងត្រូវផ្តល់បរិយាកាសការងារល្អ និងពង្រឹងសមត្ថភាពរបស់បុគ្គលិក ដោយផ្តល់ការហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស”៕