ដោយ រ៉ាវី
ភ្នំពេញ៖ ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបានអះអាងថា តម្លៃដីធ្លីនៅឆ្នាំ២០១៩ខាងមុខនៅតែមានភាពល្អប្រសើរ និងសម្រេចបានកំនើនបន្ថែមទៀត ប៉ុន្តែរបាយនៃកំនើននឹងកើនខុសគ្នាអាស្រ័យតាមតំបន់និមួយ។
លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលជាអ្នកជំនាញ និងមានបទពិសោធន៍ច្រើននៅក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា វិស័យដីធ្លីមិនថានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតនោះទេ សន្ទស្សន៍នៃតម្លៃគឺនៅតែមានកំណើនជានិច្ច ដែលវាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញនៅឡើយនោះទេ។
លោកបន្តថា “ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ចំពោះតម្លៃដីធ្លី គឺកំពុងតែមានកំណើនជាបន្តបន្ទាប់ ដែលក្នុងនោះរាប់ទាំងដីនៅក្នុងតំបន់ក្រុង ក៏ដូចជានៅជាយក្រុង ហើយនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ក៏កំពុងកើនឡើងយ៉ាងគំហុកផងដែរ ដូចជា ខេត្តព្រះសីហនុ កំពត កោះកុង បាត់ដំបង និងក្រុងប៉ោយប៉ែត ជាដើម»។
លោកច្រឹក សុខនីមបានបន្តទៀតថា ប្រសិនបើកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងនយោបាយដូចពេលបច្ចុប្បន្ននេះ សម្រាប់៥-១០ ឆ្នាំខាងមុខទៀត តម្លៃដីនៅតែបន្តកើនឡើង ដែលគិតជាមធ្យមអាចក្នុងរង្វង់ជាង១០ភាគរយ ហើយចំពោះដីដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មពិសេស ដូចជាតំបន់ទីប្រជុំជនក្នុងខេត្ត ឬក្នុងក្រុង គឺអាចមានកំណើនតម្លៃខ្ពស់ជាងនេះទៅទៀត។
លើកឡើងស្រដផងគ្នានេះ អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេស ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិCBRE Cambodia បានបង្ហាញពីភាពសុទិដ្ឋិនិយមទៅលើវិស័យដីធ្លីសម្រាប់ឆ្នាំ២១០៩ ផងដែរថា យើងពិតជាមានមោទនភាពរួចមកហើយ ដែលក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តម្លៃដីធ្លីបានកើនឡើងរហូតដល់២២៥ភាគរយ ពោលគឺកាលពីអំឡុងឆ្នាំ២០០៨ តម្លៃដីដែលអាចលក់បានខ្ពស់ជាងគេត្រឹម២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែនៅត្រឹមឆ្នាំ២០១៨នេះ តម្លៃដីដែលខ្ពស់នបានឡើងរហូតដល់៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយវានឹងបន្តកើនឡើ់ងខ្ពស់ជាងនេះទៀតនៅពេលខាងមុខនេះ។
អ្នកនាងបានបន្តថា “បើយើងធ្វើការព្យាករណ៍ទៅថ្ងៃអនាគត ក្នុងចន្លោះចាប់ពី៥-១០ឆ្នាំខាងមុខទៀត តម្លៃដីនៅកម្ពុជានៅតែមានការកើនឡើងខ្ពស់ដដែល ដែលអាចក្នុងចន្លោះជាង៧ភាគរយឡើងទៅ។ អ្នកនាងបន្តថា “ចំពោះកំណើន៧ភាគរយនេះមិនមែនមានន័យថា ជាអត្រានៃកំណើនថេរប្រចាំឆ្នាំនោះទេ ប៉ុន្តែវាអាចមានឆ្នាំខ្លះឡើងបាន៥ភាគរយ ឆ្នាំខ្លះឡើងបាន៧ភាគរយ ហើយឆ្នាំខ្លះឡើងបានត្រឹម៣ភាគរយជាដើម ដែលការព្យាករណ៍ចេញជាតូរលេខនេះ ក៏ព្រោះយើងសម្អាងទៅលើភាពជាក់ស្ដែងនែតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននៅកម្ពុជា ធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសថៃ ដែលកំពុងមានលំហូរវិនិយោគយ៉ាងគំហុក ពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាជនបរទេស ជាពិសេសជនជាតិចិនជាដើម។
ជាមួយគ្នានេះ អ្នកនាង អាន សុធីតា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ហេតុផលមួយចំនួនទៀត ដែលជាកក្តាជំរុញឱ្យវិស័យដីធ្លីកាន់តែឡើងតម្លៃខ្លាំង ក៏អាចបណ្តាមកពីដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសការរីកចម្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតែម្ដង៕