ដោយៈ សុខុម
វៀងចន្ទន៍: ពេលនេះមហាយក្សឥណ្ឌា កំពុងស្វះស្វែងរកឱកាសពង្រីកផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ (India-Myanmar-Thailand Highway) ដើម្បីភ្ជាប់មកកាន់៣ ប្រទេសរួមមានវៀតណាម ឡាវ និងកម្ពុជា ក្នុងគោលបំណងបង្កើនការតភ្ជាប់ក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា។
សារព័ត៌មាន ASEAN Briefing ចុះផ្សាយថា ប្រទេសឥណ្ឌា ពេលនេះកំពុងសម្រុកបញ្ចប់ គម្រោងពង្រីកផ្លូវហាយវ៉េឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្លូវនេះគួរតែត្រូវបានពង្រីកបន្ថែមទៀត ពី១.៤០០គីឡូម៉ែត្រទៅ៣.២០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ផ្លូវជាមួយប្រទេសវៀតណាម ឡាវ និងកម្ពុជា។
បច្ចុប្បន្នផ្លូវនេះ តភ្ជាប់ទីក្រុងម៉ូរ៉េ (Moreh) នៅភាគឦសាននៃប្រទេសឥណ្ឌា ជាមួយក្រុងម៉ែសូត (Mae Sot) នៅភាគខាងលិចនៃប្រទេសថៃ កាត់តាមប្រទេសមីយ៉ាន់ម៉ា។ ភាគច្រើននៃផ្លូវហាយវ៉េ ដែលត្រូវបានគ្រោងទុកដំបូងកាលពីប្រមាណ១៥ឆ្នាំមុននេះ ត្រូវបានសាងសង់បញ្ចប់ហើយ ប៉ុន្តែផ្នែកខ្លះកំពុងជួសជុលកែលម្អនៅឡើយនាពេលនេះ។
ជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ឥណ្ឌា ក្រោមគោលនយោបាយសម្លឹងទៅបូព៌ា (Look East Policy) និងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅភាគបូព៌ា (Act East Policy) ដែលជាគោលដៅដ៏សំខាន់មួយនៃគម្រោងផ្លូវហាយវ៉េនេះ គឺដើម្បីកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា។
ក្នុងឆ្នាំ២០០៩ អាស៊ាន និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (ASEAN-India Trade in Goods Agreement) ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយរបស់ពិភពលោក។ ការពង្រីកផ្លូវហាយវ៉េត្រីភាគីនេះ មកកាន់ប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងថានឹងបើកឱកាសពាណិជ្ជកម្ម និងការវិនិយោគមួយចំនួន ក្រោមកិច្ចព្រមព្រៀងនោះ។
ផ្លូវដែកគឺជាទិដ្ឋភាពដ៏សំខាន់មួយទៀត នៃការតភ្ជាប់ដែលកំពុងកើនឡើងរបស់អាស៊ាន ជាមួយតំបន់ផ្សេងៗទៀត ហើយប្រទេសថៃ បច្ចុប្បន្នកំពុងពន្លឿនការតភ្ជាប់រវាងប្រព័ន្ធផ្លូវដែកឡាវ និងប្រព័ន្ធផ្លូវដែកថៃ។
គម្រោងផ្សេងទៀត ដើម្បីជំរុញការតភ្ជាប់ទៅកាន់ និងនៅក្នុងតំបន់អាស៊ាន រួមមានទាំងគម្រោងច្រករបៀងសេដ្ឋកិច្ច និងតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Regional Economic Corridor and Connectivity Project) ដែលធនាគារពិភពលោក (World Bank) កំពុងផ្តល់មូលនិធិដើម្បីជំរុញពាណិជ្ជកម្ម ក្នុងតំបន់ដែលធន់ នឹងអាកាសធាតុនៅក្នុងប្រទេសឡាវ ភាគខាងជើង។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្តល់ហិររញ្ញប្បទានសម្បទានទំហំទឹកប្រាក់១០០០លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ផ្លូវល្បឿនលឿន៕