អ្នកជំនាញៈ ការផ្គត់ផ្គង់ខុនដូមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជននៅឡើយទេ

0

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងខុនដូជាច្រើនបាននិងកំពុងតែរីកដុះដាល នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។

ការផ្គត់ផ្គង់ដ៏ច្រើនបាន និងបន្តកើនឡើង ដែលធ្វើឱ្យមានការចោទជាសំណួរថា តើការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនដែរឬទេ?។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA  Cambodia បានមានប្រសាសន៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់គ្របគ្រាន់នៅឡើយទេ។

លោកគង្គាបានលើកឡើងថា សម្រាប់តម្រូវការក្នុងស្រុក ជាទិដ្ឋភាពរួម ប្រសិនបើប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្នា តម្រូវការជាក់ស្តែង និងការផ្គត់ផ្គង់ នៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារប្រជាជនកម្ពុជាមានរហូតដល់ទៅជាង១៦លាននាក់ ខណៈការផ្គត់ផ្គង់ខុនដូមានត្រឹមតែប៉ុន្មានម៉ឺនយូនីតតែប៉ុណ្ណោះ។

សម្រាប់តម្រូវការក្រៅប្រទេសវិញ លោកអះអាងថា លើកពីនេះទៅទៀត ប្រទេសកម្ពុជាយើងជាប្រទេសបើកចំហរ ដែលអនុញ្ញាតិឱ្យជនជាតិបរទេសផ្សេងទៀតចូលមករស់នៅ និងវិនិយោគបាន ដែលចំនួននៃលំហូរអ្នកវិនិយោគទាំងនោះក៏មានចំនួនច្រើនផងដែរ ដែលសម្លឹងមើលការស្នាក់នៅ និងវិនិយោគក្នុងខុនដូ។

លោកបញ្ជាក់ថា “ជាក់ស្តែង ប្រជាជនកម្ពុជាជាង១៦លាននាក់ ខុនដូយើងមានតែប៉ុន្មានម៉ឺនយូនីតទេ។ វាមិនទាន់គ្រប់នោះទេ ប្រសិនបើប្រជាជនយើងមានលទ្ធភាពគ្របគ្នា”។ លោកបន្តថា “ប្រទេសកម្ពុជាជាទីផ្សារបើកចំហរជាសកល។ ប្រជាជនក្នុងពិភពលោក មានប៉ុន្មានពាន់លាននាក់ ច្រើនណាស់។ […] ប្រជាជននៅក្នុងតំបន់ និងក្នុងពិភពលោកអាចមកវិនិយោគបាន”។

នៅពេលអនាគត អ្នកជំនាញរូបនេះអះអាងថា ទីផ្សារខុនដូនឹងកើនឡើង ហើយបន្តកើនឡើងច្រើនទៀត ព្រោះសម្រាប់បរិបទរាជធានីភ្នំពេញ ខុនដូជាជម្រើស នៃការដោះស្រាយបញ្ហាលំនៅឋានដ៏សំខាន់មួយ។

លោកមានប្រសាសន៍ថា ដីកណ្តាលក្រុងតម្លៃថ្លៃខ្លាំង អ្នកអភិវឌ្ឍនឹងមិនជ្រើសរើសយកមកវិនិយោគ ក្នុងការសាងសង់ផ្ទះល្វែង វីឡានោះទេ តែអាចសាងសង់ជាខុនដូ អាផាតមិន ឬការិយាល័យ ដែលជាជម្រើសល្អបំផុត។

ចំណែកអ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានមានប្រសាសន៍ថ្មីៗនេះថា គិតត្រឹមចុងឆមាសទី១ នៃឆ្នាំ២០២២នេះ ចំនួនខុនដូដែលត្រូវបានផ្គត់ផ្គង់នេះ មានតិចតួច ដោ​យ​ទីផ្សារមួយនេះបាន និងកំពុងពេញនិយមបំផុត ក្នុងចំណោមអតិថិជនសម័យថ្មី។

អ្នកនាងបានបន្តថា “នាពេលអនាគត តម្រូវការខុនដូនឹងមានការកើនឡើងខ្ពស់ ក្នុងចំណោមអតិថិជនជំនាន់ក្រោយ ដោយសារពួកគេបើកទូលា​យ ក្នុងការទទួលយកការផ្លាស់ប្តូរនៃរបៀបរស់នៅសម័យថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here