ដោយៈ សុខុម
ប៉េកាំង: រដ្ឋាភិបាលចិន គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេស រហូតដល់ទៅ២០០ពាន់លានយ័ន (២៩,១ពាន់លានដុល្លារអាមេរិក) ដើម្បីជួយស្រោចស្រង់ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបបញ្ហា ខណៈទីផ្សារអចលនទ្រព្យចិន កំពុងធ្លាក់ក្នុងវិបត្តិ។
នេះបើយោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ដោយដកស្រង់ប្រភពដែលស្និទ្ធនឹងបញ្ហានេះ។
កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានផ្សាយថា ប្រទេសចិន នឹងជួយគាំទ្រដល់ការសាងសង់ និងការប្រគល់ផ្ទះជូនអ្នកទិញ ក្នុងគម្រោងលំនៅដ្ឋាន ដែលជាប់គាំងពាក់កណ្ដាលទីតាមរយៈកម្មវិធីប្រាក់កម្ចីពិសេស ពីបណ្ដាធនាគារគោលនយោបាយ។
ទោះជាយ៉ាងណា ចំនួនប្រាក់កម្ចីពិសេសនោះ មិនត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈឡើយ ហើយក៏គ្មានការបញ្ជាក់ថា ប្រាក់កម្ចីពិសេសនេះនឹងផ្ដល់ឱ្យនៅពេលជាក់លាក់ណាមួយនោះដែរ។
ក្រុមនិយ័តករចិន កាលពីខែមុនបានសន្យាថា នឹងជួយរដ្ឋាភិបាលថ្នាក់មូលដ្ឋានប្រគល់ផ្ទះជូនអ្នកទិញ ក្នុងគម្រោងលំនៅដ្ឋាននានាឱ្យទាន់ពេលវេលា បន្ទាប់ពីអ្នកទិញផ្ទះយ៉ាងច្រើន បានគំរាមឈប់បង់ប្រាក់រំលស់សម្រាប់អាផាតម៉ិន ក្នុងគម្រោងដែលសាងសង់មិនទាន់រួចរាល់៕ Reuters៕