ហ្វីលីពីន គ្រោងសាងសង់អាកាសយានដ្ឋានតម្លៃជិត១១ពាន់លានដុល្លារ នៅភាគខាងត្បូងនៃរដ្ឋធានីម៉ានីល

0

ដោយៈ សុខុម

ម៉ានីល: ប្រទេសហ្វីលីពីនបានប្រកាសនៅថ្ងៃអង្គារ ទី២៣ ខែសីហា ថា ខ្លួននឹងប្រគល់គម្រោងអាកាសយានដ្ឋានតម្លៃ១០,៩ពាន់លានដុល្លារអាមេរិក នៅភាគខាងត្បូងនៃរដ្ឋធានីម៉ានីលឱ្យទៅសម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមមហាសេដ្ឋីហ្វីលីពីន។

សម្ព័ន្ធក្រុមហ៊ុន SPIA Development Consortium រួមមានក្រុមហ៊ុនហ្វីលីពីន Cavitex Holdings ក្រុមហ៊ុន House of Investments ក្រុមហ៊ុន MacroAsia និងក្រុមហ៊ុនជាដៃគូ Munich Airport International Airport និងក្រុមហ៊ុន Samsung C&T Corp របស់កូរ៉េខាងត្បូង។

រដ្ឋបាលខេត្ត Cavite បានលើកឡើងក្នុងឯកសារជូនដំណឹង ដល់សម្ព័ន្ធក្រុមហ៊ុននេះថា គ្មានគូប្រជែង ឬអ្នកដេញថ្លៃទិញឯកសារ ដើម្បីដេញថ្លៃយកគម្រោងអាកាសយានដ្ឋាន Sangley នេះទេ។ ដូច្នេះគម្រោងនេះនឹងត្រូវប្រគល់ឱ្យទៅខ្លួន ដែលគ្រោងធ្វើជាផ្លូវការនៅថ្ងៃទី១៤ ខែកញ្ញា។

គម្រោងអាកាសយានដ្ឋាន Sangley ស្ថិតក្នុងចំណោមគម្រោងអាកាសយានដ្ឋានតម្លៃច្រើនពាន់លានដុល្លារ ចំនួន២ដែលបានគ្រោងឡើងដើម្បីកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានក្រុងម៉ានីល ដែលមានសភាពកកស្ទះ និងចាស់ទ្រុឌទ្រោម។ គម្រោងអាកាសយានដ្ឋានទី២ ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានី កំពុងស្ថិតក្រោមការសាងសង់។

កាលពីខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្ត Cavite បានលុបចោលសេចក្ដីសម្រេចរបស់ខ្លួនក្នុងការប្រគល់គម្រោងអាកាសយានដ្ឋាននេះឱ្យទៅសម្ព័ន្ធក្រុមហ៊ុនចិន China Communications Construction Co និងក្រុមហ៊ុន MacroAsia ដោយសារឯកសារមិនគ្រប់គ្រាន់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here