ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ខាងមុខនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីចំនួន២ទីតាំង ដែលគ្រោងលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ ដើម្បីសម្រួលការកកស្ទះចរាចរ។
នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា បើតាមកម្មវិធីដែលបានព្រៀងទុក នៅរសៀល៣០ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសទាំង២ទីតាំងនេះ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស២ទីតាំងថ្មីនេះតែម្តង។
គម្រោងនៃការសាងសង់ស្ពានអាកាសទាំង២ ព្រមៗជាមួយគ្នានេះធ្វើឡើងដោយទទួលបានគោលការណ៍ អនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីទី១ ស្ថិតនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)។ ទី២ ស្ថិតនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស៊្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) និងផ្លូវលេខ២០១១ ។
បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន០៩ ដើម្បីសម្រួលការកកស្ទះចរាចរ៕