ដោយ: លាងហួរ
ហុងកុង: ក្រុមហ៊ុនអចលទ្រព្យShimao Groupបានស្នើផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួន២ប្រភេទ ដល់ម្ចាស់បំណុលក្រៅប្រទេស ដើម្បីសងបំណុលចំនួន១១,៨ពាន់លានដុល្លារ ក្នុងរយៈពេលពី៣ទៅ៨ឆ្នាំ ។
យោងតាមប្រភព និងឯកសាររបស់Reuters បានឱ្យដឹងថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានខកខានសងប័ណ្ណបំណុលជាលើកដំបូង ដល់សាធារណៈជននៅក្រៅប្រទេសកាលពីខែមុន។
ជាមួយនឹងការចេញមូលបត្របំណុលអន្តរជាតិ ដែលមានតម្លៃ៦,១ពាន់លានដុល្លារ ក្រុមហ៊ុន Shimao ជាអ្នកចេញប័ណ្ណបំណុលធំបំផុតទី៦ក្នុងចំណោមអ្នកអភិវឌ្ឍន៍ចិន។
ផែនការនេះ នឹងមិនរាប់បញ្ចូលបំណុល ក្រៅប្រទេសចំនួន២,៣ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីគម្រោងនៅឯនាយសមុទ្រ និងប្រាក់កម្ចីដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ឬគ្រប់គ្រងដោយច្បាប់នៃប្រទេសចិននោះទេ។
ទោះជាយ៉ាងណា ក្រុមហ៊ុនShimao មិនបានឆ្លើយតប ចំពោះការស្នើ សុំការអត្ថាធិប្បាយនោះទេ។
យោងតាមប្រភពមួយបានឱ្យដឹងថា ការមិនសប្បាយចិត្តចំពោះសំណើនេះ ម្ចាស់បំណុលនៅក្រៅប្រទេស គ្រោងនឹងស្នើសុំឱ្យក្រុមហ៊ុន Shimao ឱ្យទូទាត់សងចំពោះម្ចាស់បំណុល នៅក្រៅប្រទេសទាំងអស់ដោយស្មើភាពគ្នា។
ម្ចាស់បំណុលក៏មានគម្រោងស្នើសុំ ឱ្យក្រុមហ៊ុនបង្កើនសមាមាត្រនៃការទូទាត់សងរំលោះផងដែរ។
នៅក្រោមលក្ខខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលបានស្នើឡើងនោះ ក្រុមហ៊ុន Shimao នឹងសងបំណុលប្រភេទA ដែលមានទឹកប្រាក់ចំនួន៤,៦៥ពាន់លានដុល្លារ នៃប្រាក់កម្ចីរួមគ្នា និងប្រាក់កម្ចីទ្វេភាគី ដែលត្រូវបានធានាក្រោមកាលវិភាគរំលោះរវាង៣៦ទៅ៧២ខែ។
បំណុលប្រភេទ B សរុបចំនួន៧,១៣ពាន់លានដុល្លារ ដែលសុទ្ធសឹងជាមូលបត្របំណុលសាធារណៈ និងឯកជន និងប្រាក់កម្ចីទ្វេភាគី ដែលមិនមានការធានា នឹងត្រូវសងវិញដោយក្រដាសប្រាក់ថ្មីចំនួន៦ ដែលមានតម្លៃពី៩ភាគរយ ទៅ២៣ភាគរយ នៃការទាមទារដែលមានរយៈពេលចន្លោះពី៣៩ទៅ៩៣ខែ៕