អ្នកអភិវឌ្ឍន៍ចាប់ផ្តើមងាកមកគិតគូរការបង្កើនគុណតម្លៃបន្ថែមដើម្បី ជម្រុញការលក់គម្រោងបុរី

0

ដោយៈ សុផារី

ភ្នំពេញៈ កាលពីមុន អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន មិនសូវបានគិតគូរលើការទុកផ្លូវធំៗ ឬទុកសួនសម្រាប់កម្សាន្តនោះទេ ដោយសារតែមិនទាន់មានច្បាប់កំណត់ពីការទុកទំហំដី ហើយចង់ចំណេញខ្ពស់។

ប៉ុន្តែបច្ចុប្បន្ននេះ គេសង្គេតឃើញ ការគិតគូរពីការលើកកម្ពស់គុណតម្លៃបន្ថែម បាននិងកំពុងក្លាយជាការយកចិត្តទុកដាក់ចម្បងមួយ មិនចាញ់គុណភាពនៃសំណង់ឡើយ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ប្រាប់កាលពីពេលថ្មីៗនេះថា កាលពីមុនការអភិវឌ្ឍលំនៅឋាន នៅក្នុងរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍មិនសូវបានគិតគូរពីការទុកផ្លូវធំៗ ឬទុកសួនសម្រាប់កម្សាន្តនោះទេ ដោយសារតែកត្តាមួយចំនួន ដូចជា មិនទាន់មានច្បាប់កំណត់ពីការទុកទំហំដី ហើយអ្នកអភិវឌ្ឍន៍មួយចំនួន ក៏ចង់ចំណេញឆាប់ ទើបមិនទុកដីទំនេរ ដូច្នេះហើយផ្ទះនៅក្នុងបុរី ដែលសង់ពីមុនៗមក មានផ្លូវតូចចង្អៀត។

លោកឧកញ៉ាបន្តថា “ដោយសារតែមើលឃើញពីបញ្ហាប្រឈម រដ្ឋាភិបាលបានចេញច្បាប់កំណត់ថ្មីៗមួយចំនួន ដែលមានភាពច្បាស់លាស់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបការអភិវឌ្ឍលំនៅឋាននៅពេលនេះ បានទុកដីចំណីផ្លូវធំៗ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានសោភ័ណភាព ដែលអាចផ្តល់ឱ្យពលរដ្ឋជាអតិថិជន ទិញលំនៅឋានរស់នៅប្រកបដោយផាសុកភាពខ្ពស់”។

បើតាមលោកឧកញ៉ា នៅពេលដែលអ្នកវិនិយោគ ចាប់ផ្ដើមគិតគូរពីការទុកផ្លូវធំៗ និងរៀបចំបង្កើតជាសួនច្បារ សម្រាប់ពលរដ្ឋរស់នៅក្នុងបុរីអាចហាត់ប្រាណ និងលំហែបានឃើញថា គម្រោងនោះតែងតែទទួលបានការគាំទ្រច្រើនពីអតិថិជន។

លោកឧកញ៉ាបន្ថែមថា “ការទុកដីទំនេរច្រើន នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាន មិនធ្វើឱ្យអ្នកអភិវឌ្ឍន៍ខាតបង់ប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញគាត់ទទួលបានប្រាក់ចំណេញទៅវិញ ពីព្រោះផ្ទះសម័យឥឡូវក៏ឡើងថ្លៃជាបន្តបន្ទាប់ធៀបនឹងផ្ទះពីមុន ទោះបីតម្លៃបានកើនឡើងក៏នៅតែចំណេញ”។

លោកឧកញ៉ាបន្ថែមថា “ការរចនាម៉ូដផ្ទះ គឺជារឿងសំខាន់ណាស់ បើនៅក្នុងគម្រោងអភិវឌ្ឍន៍មានអ្វី ទាក់ទាញអតិថិជនរឹតតែសំខាន់ទៅទៀត”។ លោកបន្ថែមថា “ដូច្នេះ បើសង់តែផ្ទះហើយ មិនមានផ្លូវសម្រាប់អ្នករស់នៅ ឬផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ក៏មិនធ្វើឱ្យគម្រោងនោះជោគជ័យ ឬមានអ្នកគាំទ្រដែរ”។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកា និងជាម្ចាស់នៃបុរីវិមានសំណាង ដែលជាគម្រោងបុរីប្រណីតមួយ ដែលបានគិតគូរពីផាសុកភាពនៃការរស់នៅ តាមរយៈការរក្សាទុកព្រែកធម្មជាតិ ការបង្កើតផ្លូវធំៗ សួនច្បារចម្រុះ ក្លឹបហាត់ប្រាណ និងទីកន្លែងកំសាន្ត ជាច្រើន បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាច្រើន។

លោកជំទាវឧកញ៉ាបានបញ្ជាក់ថា គម្រោងបុរីរបស់លោកជំទាវ មានលក្ខណៈពិសេស ដូចជា មានសួនច្បារធំៗ ការរក្សាទុកព្រែកធម្មជាតិធំៗ ដែលត្រូវបានកែច្នៃសម្រាប់ការកំសាន្ត និងផាសុខភាព របស់អតិថិជន។ ជាពិសេស បុរីវិមានសំណាង ក៏រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវភ្លោះ ប្រកបដោយសួនច្បារធំ ព្រមជាមួយ ក្លឹបហាត់ប្រាណ អាងហែលទឹក និងភោជនីយដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here