តើទស្សនស្ថាបត្យកម្មមានការប្រែប្រួលដូចម្តេចក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងរយៈពេលប្រមាណមួយទសវត្សចុងក្រោយនេះ។

អគារចាស់ៗមួយចំនួន ត្រូវបានកែលម្អនិងជួលសារជាថ្មីឡើងវិញ ខណៈដែលអគារខ្លះទៀត ត្រូវបានបំផ្លាញទាំងស្រុង ដើម្បីទុកកន្លែងទំនេរថ្មី​ៗ។

ខណៈដែលឥទ្ធិពលរបស់បស្ចិមប្រទេស កំពុងបញ្ចេញនូវទស្សនវិជ្ជារចនាលើគម្រោងថ្មីៗ ក៏បានមានការលេចទ្បើងទន្ទឹមគ្នា ដែលមានការទាក់ទាញ និងបំផុសគំនិតប្រវត្តិសាស្រ្តដ៏យូរលង់ និងសំបូរបែបរបស់ប្រទេសកម្ពុជា ដែលបានគេឲ្យឈ្មោះថាជា គឺស្ថាបត្យកម្មបែបថ្មី។

បំល្លាស់ប្តូរនេះ ត្រូវបានពិពណ៌នាថា ជាការរួមបញ្ចូលគ្នានូវគោលការណ៍ទំនើប ដែលបានបង្កើតឡើងនៅភាគខាងលិច ជាមួយនឹងការរចនាបែបបុរាណរបស់ខ្មែរ ដែលមានតាំងពីបុរាណកាល រហូតដល់ស្ថាបត្យកម្មសម័យអង្គរ (ឧទាហរណ៍ប្រាសាទអង្គរវត្ត) ។

ការចាប់ផ្ដើមនៃស្ថាបត្យកម្មបែបថ្មី
បើទោះបីជាគំហើញនេះ មិនទាន់ហៅឈ្មោះជាផ្លូវការថាជា ស្ថាបត្យកម្មបែបថ្មី ក៏ដោយ ប៉ុន្តែវាត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមតាំងពីកំឡុងឆ្នាំ១៩៥០មកម្ល៉េះ ក្រោយពេលប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំង រហូតដល់កំឡុងឆ្នាំ១៩៧០ មុនពេលសង្គ្រាមស៊ីវិលចាប់ផ្ដើម។

ស្ថិតនៅក្រោមការឧបត្ថម្ភ និងចក្ខុវិស័យរបស់អតីតសម្តេចព្រះនរោត្ត​ម សីហនុ ដែលបានចាប់ផ្តើម ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៥០។ បញ្ញវន្តខ្មែរជាច្រើន ជាពិសេសអ្នកដែលបានសិក្សា នៅបរទេសបានមកយកបទពិសោធន៍ និងចំណេះដឹងអំពីបេតិកភណ្ឌខ្មែរ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ជាពិសេសស្ថាបត្យករ បានក្លាយជាមនុស្សសំខាន់ ក្នុងការសម្រេចចក្ខុវិស័យរបស់ព្រះមហាក្សត្រ។

ចំនុចនេះហើយដែលបានបញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ ជាបុរសដែលកំណត់ និងរៀបចំប្លង់មេ នៃរាជធានីភ្នំពេញ សម្រាប់ពាក់កណ្តាលសតវត្សរ៍បន្ទាប់។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាសសរស្តម្ភមួយ នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ គាត់ជាបុគ្គលមួយរូបដែលលេចធ្លោបំផុត ក្នុងនាមជាស្ថាបត្យកររដ្ឋក្រោមការ ដឹកនាំរបស់ព្រះមហាក្សត្រ។

លោក ម៉ូលីវណ្ណ បានរៀបចំប្លង់រចនាសម្ពន្ធ័ជាច្រើននៅក្នុង ប្រទេសកម្ពុជា រួមមានអគារពហុកីឡាជាតិ សាលសន្និសិទចតុមុខ និងវិមានឯករាជ្យ និងស្នាដៃសំណង់ជាច្រើនទៀត រហូតទទួលបានងារជាស្ថាបត្យករលេចធ្លោជាងគេនៅកម្ពុជា។

ស្ថាបត្យកម្មបែបថ្មីនាបច្ចុប្បន្ន
យោងតាមអត្ថបទ គម្រោងលោកវណ្ណ ម៉ូលីវណ្ណ ដែលជាឯកសារ និងអត្ថបទសិក្សាអំពីស្នាដៃរបស់លោកវណ្ណ ម៉ូលីវណ្ណ និងស្ថាបត្យកម្មបែបទំនើបដទៃទៀត ស្ថាបត្យកម្មបែបថ្មីអាចត្រូវបានកំណត់លក្ខណៈ ដូចជា ការប្រើប្រាស់បេតុង។ ការបង្កើតលំហូរខ្យល់ធម្មជាតិ និងការដាក់ស្រមោលស្រប តាមអាកាសធាតុត្រូពិករបស់ប្រទេសកម្ពុជា។ ការប្រើគ្រឿងលំអ ដោយបំផុសគំនិតនៃការតុបតែងបែបប្រាសាទអង្គរ។

បច្ចុប្បន្ននេះ ស្ថាបត្យកម្មបែបថ្មីនេះ កំពុងបង្ហាញខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងវិស័យ ស្ថាបត្យកម្ម និងសំណង់របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន The Room Design Studio ដែលត្រូវបានគែស្គាល់ថាជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង ដែលនាំយកនូវគំនិតនៃការរចនាម៉ូដឈានមុខគេនិងលក្ខណៈទំនើបមកប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករអាស៊ាន និងជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពជា បានមានប្រសាសន៍ថា ការរីកចម្រើ​ននៃសេដ្ឋកិច្ចសង្គម បានផ្លាស់ប្តូរបែបផែននៃការរស់នៅ របស់ប្រជាជនកម្ពុជា ពិសេសការកើនឡើងនូវកំដៅផែនដី ដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ បានធ្វើឲ្យស្ថាបត្យករចាប់ផ្តើមគិតគូ ពីលំនៅដ្ឋានបែបបៃតង មានន័យថា សាងសង់លំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិ។

លោកបន្តថា “ការសាងសង់លំនៅដ្ឋាននាពេលបច្ចុប្បន្ន ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ជាលំនៅដ្ឋានបែបបៃតង កាត់បន្ថយការប្រើប្រាស់អគ្គិសនី ជាបែបផែននៃស្ថាបត្យកម្មសម័យថ្មី និងជារសនិយមថ្មីមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here