តើអ្នកមានលុយច្រើនគួរសាងសង់សណ្ឋាគារ ឬអាផាតម៉ិនសម្រាប់ចំណូលសកម្ម

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅពេលនិយាយពីអ្នកមានប្រាក់ ពួកគេតែងតែគិតពីការវិនិ​យោគ ដើម្បីទទួលបានផលចំណេញ និងភាពជោគជ័យសម្រាប់រយៈពេលវែងរបស់ពួកគេ ហេតុនេះការវិនិយោគលើវិស័យអាផាតម៉ិន និងសណ្ឋាគារមួយណាមានផល​ចំណេញជាង? ជាអ្វីដែលជាសំណួរចាក់ដោតមួយ។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួ​ន រិទ្ឋី ដែលបាននិងកំពុងវិនិយោគលើអាផាតម៉ិន KFA នៅតំបន់បឹងត្របែកបានថ្លែងឲ្យ​ដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអាផាតម៉ិន និងសណ្ឋាគារជាការវិនិយោគ សម្រាប់រយៈពេលវែងដូចគ្នា និងមានភាពវិជ្ជមានខុសៗគ្នា អាស្រ័យលើអ្នកវិនិយោគនិមួយៗជ្រើសរើស ប៉ុន្តែសម្រាប់ទស្សនៈ និងការយល់ឃើញរបស់​លោកផ្ទាល់ គឺការវិនិយោគលើអាផាតម៉ិនមានភាពងាយស្រួលជាង។

លោកបន្តថា “ការវិនិយោគលើអាផាតម៉ិន ជាការវិនិយោ​គគិតពីរយៈពេលវែង និងសម្រាប់អ្នកចង់មានសេរីភាពហិរញ្ញវត្ថុ ឬចូលនិវត្តន៍ពី​ការងារវ័យក្មេង ព្រោះអាផាតម៉ិនទទួលបានចំណូលទៀតទាត់ និងស្ងាត់ស្ងៀមជាងវិនិយោគលើសណ្ឋាគារ”។ លោកបន្តថា ការវិនិយោគលើអាផាតម៉ិន មិនសូវត្រូវការសេវាកម្មច្រើនពេកនោះទេ គឺប្រើប្រាស់បុគ្គលិកតិច និងងាយស្រួលគ្រប់គ្រង”។

ចំណែកការវិនិយោគលើសណ្ឋាគារ ជាការវិនិយោគរយៈពេលវែងដូចគ្នា ទទួលបាន​ចំណូលច្រើនផងដែរ ប៉ុន្តែសណ្ឋាគារត្រូវមានសេវាកម្មច្រើនជាងអាផាតម៉ិន ដូចជា ត្រូវមានបន្ទប់ប្រជុំ មានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងមានការប្រើប្រាស់បុគ្គលិកច្រើនជាងអាផាតម៉ិន ពិសេសត្រូវផ្តោតលើការរក្សានូវផាសុខភាព ភាពកក់ក្តៅ និងសុ​វត្ថិភាពដល់ភ្ញៀវជាចម្បង។ ផ្ទុយទៅវិញអាផាតម៉ិន មិនចាំបាច់មានភោជនីយដ្ឋា​ន សាលប្រជុំ ឬប្រើប្រាស់បុគ្គលិកច្រើននោះទេ។

លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាការវិនិយោគលើសណ្ឋា​គារទទួ​លបា​នប្រាក់ចំណូលច្រើនប្រចាំថ្ងៃ ប្រសិនជាសណ្ឋាគារនោះដំណើរការដោ​យជោគជ័យ”។ លោកបន្តថា “ហេតុនេះការវិនិយោគលើអាផាតម៉ិន និងសណ្ឋា​គារល្អម្យ៉ាងម្នាក់ ប៉ុន្តែការវិនិយោគលើសណ្ឋាគារ ទាមទារឲ្យម្ចាស់មានភាពមមា​ញឹក​ច្រើន”។

លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Groupដែលជាក្រុមហ៊ុនវិនិយោគ លើគំរោងជាច្រើននៅក្នុងតំបន់ និងបណ្តាប្រទេសនានាបានថ្លែងថា សម្រាប់ទស្សននិងការយល់ឃើញ ព្រមទាំងបទពិសោធន៍របស់លោក លោកគិតថាការវិ​និយោគលើវិស័យអាផាតម៉ិន ជាការវិនិយោគមានភាពឆ្លាតវៃ និងរកលុយបានច្រើនយ៉ាង​ស្ងៀមស្ងាត់ និងមិនសូមវចំណាយពេលច្រើន និងបុគ្គលិកច្រើនដូចសណ្ឋាគារនោះទេ។

លោកបន្តថា “ការវិនិយោគលើសណ្ឋាគារ ត្រូវចំណាយពេលច្រើនលើប្រតិបត្តិការ លើបុគ្គលិក និងសេវាកម្មជាច្រើន ប៉ុន្តែវិនិយោគលើអាផាតម៉ិន ជាការវិនិយោគដែលមាន​ភាពឆ្លាតវៃ  និងនៅតែមានឳកាសជោគជ័យច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here