ក្រសួងដែនដី និងក្រុមហ៊ុនឯកជនចំនួន៤សហការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃមធ្យមនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល

0

ដោយ៖ សុផារី

ភ្នំពេញ: ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានចាប់ដៃគូសហការ ជាមួយវិស័យឯកជនចំនួន៤ក្រុមហ៊ុន នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃមធ្យម ដើម្បីសម្រួល និងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម អាចមានលទ្ធភាពក្នុងការទិញលំនៅឋានបាន។

រហូតមកដល់ពេលនេះ ក្រសួងបាននិងកំពុងសាងសង់លំនៅឋានបានចំនួន៨.៣៣១ខ្នង និងវិស័យឯកជនសាងសង់បាន២.៩៦០ខ្នង។

នេះបើតាមការបញ្ជាក់របស់លោក លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងរៀបចំដែនដី ព្រឹកថ្ងៃទី២៤ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។

ក្រុមហ៊ុនដែលបានសហការក្នុងការសាងសង់លំនៅឋានតម្លៃមធ្យម រួមមាន ទី១ គឺក្រុមហ៊ុន World Bridge Home Co.,Ltd អនុវត្តគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល នៅក្នុងភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងរបស់ក្រុមហ៊ុននេះបានបញ្ចប់ដំណាក់កាលទី១ ដែលមានលំនៅឋានសរុបចំនួន ៦៨០ខ្នង។ ចំណែក ដំណាក់កាលទី២ សម្រេចបានការសាងសង់ចំនួន៩៥ភាគរយហើយ។

ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន B & BM Development Co.,Ltd អនុវត្តគម្រោងបុរីសែនមនោរម្យ ព្រែកតាទេន នៅលើផ្ទៃដី៨០ហិចតា នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។ រហូតមកទល់ពេលនេះ គម្រោងនេះបានសម្រេចចំនួន៩៣ភាគរយហើយ។

ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន ARAKAWA Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានអារ៉ាខាវ៉ា” នៅលើផ្ទៃដីចំនួន១៣ហិចតា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុនខាងលើសម្រាប់ការសាងសង់ដំណាក់កាលទី១ បាន១០០ភាគរយហើយ ហើយដំណក់កាលទី២ សម្រេចបាន៧៧ភាគរយ។

ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក អភិវឌ្ឍ “បុរីហ្គ្រេនផាក” សាងសង់នៅលើផ្ទៃដីចំនួន៥ហិចតា នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមហ៊ុនសម្រេចការសាងសង់ដំណាក់កាលទី១ បានចំនួន១០០ភាគរយហើយ ចំណែកដំណាក់កាលទី២ សម្រេចបាន១៣ភាគរយ។

លោក ថេង ច័ន្ទសង្វារ បានមានប្រសាសន៍ថា បញ្ហាប្រឈមចំពោះយុវជន ដែលទើបតែចេញធ្វើការក្នុងការទិញលំនៅឋានរស់នៅផ្ទាល់ខ្លួន គឺលទ្ធភាពក្នុងការបង់រំលោះ ឬលទ្ធភាពក្នុងការបង់ធនាគារ ដែលបានខ្ចីប្រាក់មកទិញលំនៅឋាន។

លោកបន្តថា ការលើកទឹកចិត្ដ និងជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្ទះរស់នៅត្រឹមត្រូវ ជាយុទ្ធសាស្ត្រមួយ ដែលក្រសួងបាននិងកំពុងជំរុញ។ នៅក្នុងទីប្រជុំ និងទីក្រុង បញ្ហានេះក៏បានចូលរួមក្នុងការកាត់បន្ថយចំនួនអ្នកឥតផ្ទះ ចូលរួមលើកកម្ពស់សោភ័ណភាព នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខសង្គម សេដ្ឋកិច្ច ជាពិសេសជួយដល់យុវជន ដែលទើបតែចេញរកការងារធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here