ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានស្រូបគម្រោងវិនយោគបានជាង១៩ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង៧១លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង៣១ពាន់លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ ស្ដីពីសមិទ្ធផលសម្រេចបានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល៥ឆ្នាំ បានបង្ហាញថា ស្ថិតក្នុងបរិបទ ដែលប្រទេសជាតិមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេសមានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនោះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩ ៣២២ គម្រោង ផ្ទៃក្រឡាសំណង់៧១.៤៥៩.២៣៣ម៉ែត្រការ៉េ ទុនវិនិយោគ៣១.៤៨៤លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំ២០១៨ មាន៣.២៩០ គម្រោង ផ្ទៃក្រឡាសំណង់១២.៣៧៨.១១៩ម៉ែត្រការ៉េ ទុនវិនិយោគ៥.៧៥៥លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំ២០១៩ មាន៤.៨៨៨គម្រោង ផ្ទៃក្រឡាសំណង់២៣.២៥៧.៤១៤ម៉ែត្រការ៉េ ទុនវិនិយោគ១១.៤៣៧លានដុល្លារអាមេរិក
នៅក្នុងឆ្នាំ២០២០ មាន៤.៨៤១គម្រោង ផ្ទៃក្រឡាសំណង់១៦.៩៦៥.៧៥១ម៉ែត្រការ៉េ ទុនវិនិយោគ៧.៧៥៣លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំ២០២១ មាន៤.៣០៣គម្រោង ផ្ទៃក្រឡាសំណង់១២.៩៩៨.០៧២ម៉ែត្រការ៉េ ទុនវិនិយោគ៥.៣៣៣លានដុល្លារអាមេរិក។
ចំណែក ៦ខែឆ្នាំ២០២២ មាន ២.០០០គម្រោង ផ្ទៃក្រឡាសំណង់២.៨៥៩.៨៧៧ម៉ែត្រការ៉េ ទុនវិនិយោគ១.២០៦លានដុល្លារអាមេរិក។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៥៧.៥៩០គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន១៦៦.៦២៣.៨៩១ ម៉ែត្រការ៉េ និងទុនវិនិយោគ សរុបប្រមាណ៦៦.២០៥លានដុល្លារអាមេរិក។ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន២.៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៤៨២គម្រោង៕