ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសចិនបន្តជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលនាំលំហូរទុនវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាច្រើនបំផុត បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង និងវៀតណាម។
យោងតាមរបាយការណ៍បង្ហាញដោយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យបានរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ប្រទេសដែលវិនិយោគវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាច្រើនជាង រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាម។
របាយការណ៍ដដែលបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា លំហូរចូលវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០១៩ កើនឡើងប្រមាណ១២ភាគរយ ស្មើនឹង៣,៥លានដុល្លារ។ ក្នុងចំណោមលំហូរចូលវិនិយោគពីរបទេសចំនួន២,៣ពាន់លានដុល្លារ ប្រទេសចិនបានវិនិយោគដោយផ្ទាល់ចំនួន៤៣ភាគរយ បន្ទាប់មកកូរ៉េខាងត្បូង១១ភាគរយ វៀតណាម៧ភាគរយ ជប៉ុននិងសិង្ហបុរីចំនួន៦ភាគរយ។
លោក លី រស្មី បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គមល្អ ដែលធ្វើឱ្យមានការអភិវឌ្ឍខ្លាំងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ក្នុងន័យនេះ វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន នៃការអភិវឌ្ឍសង្គម និងបានបង្កើតការងារយ៉ាងច្រើនដល់ពលរដ្ឋ ដោយបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិ។
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានបញ្ជាក់ថា ការវិនិយោគវិស័យសំណង់៦ខែឆ្នាំ២០២២នេះ មាន២០០០គម្រោង លើទុនវិនិយោគជាង១ពាន់លានដុល្លារ។ ដោយឡែកនៅឆ្នាំ២០២១ មានជាង៤ពាន់គម្រោង លើផ្ទៃក្រឡាជាង១២លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង៥ពាន់លានដុល្លារអាមេរិក៕