គម្រោងអាគារជាប់គាំងក្នុងខេត្តព្រះសីហនុកំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ

0

ដោយ៖ សុធីតា

ភ្នំពេញ៖ គម្រោងអាគារ សំណង់ ដែលជាប់គាំងកន្លងមក ជាពិសេសនៅក្នុងខេត្តព្រះសីហនុមានចំនួនប្រមាណពី៨០ ទៅ១០០ កំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ។

នេះបើតាមការបញ្ជាក់របស់ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឱ្យដឹងថា វិបត្តិកូវីដ១៩ ដែលចាប់ផ្តើមពីឆ្នាំ២០២០ បានធ្វើឱ្យវិស័យនានានៅកម្ពុជា ក៏ដូចជាពិភពលោករងផលប៉ះពាល់យ៉ាងដំណំ។ ចំណែកវិស័យសំណង់ ក៏ជួបប្រទះនឹងភាពរាំងស្ទះមួយចំនួនដែរ។ ទោះជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានតែខេត្តព្រះសីហនុមួយទេ ដែលមានសំណង់អគារច្រើនជាងគេ ប្រមាណ៨០ ទៅ១០០ សាងសង់មិនទាន់រួច ដោយឡែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ មិនមានភាពរាំងស្ទះនោះនោះទេ។

លោក សេង ឡូត បានបន្តថា “ឥលូវនេះរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រ នៃការអភិវឌ្ឍឡើងវិញក្រោយកូវីដ១៩ ទទឹមនឹងការអភិវឌ្ឍ និងការរស់នៅតាមប្រក្រតីភាពថ្មីនៃស្ថានភាពកូវីដ១៩នេះ អញ្ចឹងខ្ញុំមានការជឿជាក់ថា មិនយូរទេបញ្ហាដែលជាប់គាំងនេះ នឹងត្រូវបានដោះស្រាយ ខាងវិស័យឯកជនក៏គាត់ត្រូវតែធ្វើមិចឈ្មួសឈ្មុល ដើម្បីបញ្ចប់គម្រោងរបស់គាត់ ដើម្បីឱ្យឆាប់បានទទួលផល ពីគម្រោងរបស់គាត់”។

លោកបានអះអាងទៀតថា “មានសំណង់ខ្លះឃើញថា មានការផ្អាកមួយរយៈពេល តែក្រោយមកក៏ឃើញមានការសាងសង់ឡើងវិញ ដូចនេះហើយមិនយូរនោះទេ ក្នុងសំណង់ទាំង៨០ ទៅ១០០សំណង់ ក្នុងខេត្តព្រះសីហនុនេះ នឹងអាចសាងសង់សង់បានរួចរាល់តាមការគ្រោងទុករបស់វិស័យឯកជន ដែលខិតខំប្រឹងប្រែង សាងសង់ដើម្បីបំពេញតម្រូវការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here