ដោយ៖ សុធីតា
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
បើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។
ដោយឡែក ភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប២.៥២៩ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ៩០%បានផ្អាក និងបិទអាជីវកម្ម ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។
លោកបានបញ្ជាក់ថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។
លោកបន្ថែមថា មូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។
បើតាមអ្នកនាំពាក្យរូបនេះ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ៥០០០នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។
លោកបន្ថែមថា “នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទកន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ”៕