សម្តេចតេជោ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដីជាជម្រើសនៃការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញនាពេលអនាគត

0

ដោយ៖ សុផារី

ភ្នំពេញ៖ នៅពេលអនាគត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី គឺជាជម្រើសនៃការធ្វើដំណើរ និងការដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ជាជាងការប្រើប្រាស់នូវស្ពានអាកាស ឬរទេះភ្លើងលើអាកាស ដែលបច្ចុប្បន្ននេះ គម្រោងអនាគតនេះ ក្រុមការងារចៃកាបាននិងកំពុងសិក្សា។ ប៉ុន្តែវិធីដោះស្រាយល្អបំផុតនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀតសិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនេះបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែម ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចបានថ្លែងថា “តម្រូវការនៃការធ្វើផ្លូវក្រោមដី គឺត្រូវធ្វើហើយ ហើយទីក្រុងភ្នំពេញលទ្ធផល ដែលមានពិតប្រាកដ មិនមែនស្ពានអាកាស រទេះភ្លើងលើអាកាស ដូចដែលមុននេះ JICA បានសិក្សា។ យើងបានចរចារជាមួយជប៉ុន ដែលគ្រោងតែនឹងជួយ ក៏ប៉ុន្តែប្រសិនបើយើងយកលុយ១៨០០លានដុល្លារ យកមកធ្វើរទេះភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ វាវេទនាណាស់ ចឹងជម្រើសថ្ងៃក្រោយមានតែរទេះភ្លើងក្រោមដីវិញទេ”។

សម្តេចបានបន្តថា “រទេះភ្លើងក្រោយដីវាអាចភ្ជាប់គ្នាទីក្រុងភ្នំពេញ ខេត្តកណ្តាល ភ្ជាប់គ្នានៅទីក្រុងភ្នំពេញ នៅខាងក្រោមនេះ”។

សម្តេចតេជោបានបញ្ជាក់ឱ្យដឹងថា សម្តេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយធ្វើការប្រៀបធៀបមកកាន់ប្រទេសកម្ពុជា ក្នុងគម្រោងសាងសង់រទេះភ្លើងនៅលើអាកាស ប៉ុន្តែតម្រូវការក្នុងការចំណាយលើគម្រោងសាងសង់ស្ពាននានានៅតាមជនបទក៏មានសារៈសំខាន់ ដែលធ្វើឱ្យវិធីដោះស្រាយនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចារណ៍។

សម្តេចថ្លែងថា “ប្រសិនបើតម្លៃត្រឹមតែជិត២ពាន់លាន ហើយបំផុតត្រឹម១៨០០លានដុល្លារ យកមកប្រើត្រឹមតែក្រុងភ្នំពេញមួយ វាអសមភាព ដែលជាការប្រើប្រាស់ធនធានច្រើនជ្រុលក្នុងទីក្រុងភ្នំពេញ ក្នុងពេលដែលជនបទ មានតម្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។ វិធីដោះស្រាយនាពេលបច្ចុប្បន្ននេះ គឺសាងសង់ស្ពានអាកាសបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចារណ៍”។

សម្តេចបានមានបញ្ជាក់ថា នៅក្នងទីក្រុងភ្នំពេញ មានតម្រូវការចាំបាច់ស្ពានដល់ទៅ៣ទៀត គឺពីភ្នំពេញទៅស្វាយជ្រុំ ស្ពានពីក្តីតាកុយឆ្លងទៅត្រើយម្ខាងទៀត និងស្ពានមួយទៀត គឺនៅម្តុំព្រែកប្រា ដែលស្ពានទាំង៣នេះ នឹងជួយកាត់បន្ថយការស្ទះចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here