ដោយៈ សុខុម
ក្រុងរីយ៉ាដៈ បណ្ដាក្រុមហ៊ុនចុះបញ្ជីនៅតំបន់អារ៉ាប់ ឬដែលគេស្គាល់ថា “ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” (Gulf Cooperation Council) ទទួលបានប្រាក់ចំណេញសរុប រហូតដល់ទៅ៧៧,៣ ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២២។
យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឱ្យដឹងថា ការទទួលបានប្រាក់ចំណេញយ៉ាងច្រើន សន្ធឹកសន្ធាប់បែបនេះ គឺដោយតំបន់ដែលសម្បូរប្រេងនេះ ទទួលផលពីប្រេងហក់ឡើងថ្លៃ ឈានដល់ប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល។
-->

របាយការណ៍របស់ក្រុមហ៊ុន Kamco Invest បង្ហាញថា តួលេខនេះបង្ហាញពីការកើនឡើងខ្លាំង នូវប្រាក់ចំណេញ បើធៀបនឹងប្រាក់ចំណេញ៤៧,៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុន ដែលចុះបញ្ជីបានកើនឡើង៧០,៤% ក្នុងឆ្នាំនេះឈានរហូតដល់៥៩,៥ពាន់លានដុល្លារក្នុងត្រីមាសទី២ ដោយដណ្ដើមបានចំណែកភាគច្រើន នៃប្រាក់ចំណេញនៅទូទាំងតំបន់អារ៉ាប់។
របាយការណ៍នេះពន្យល់ថា ការកើនឡើងនូវប្រាក់ចំណេញនេះ គឺដោយសារកំណើននៃប្រាក់ចំណេញ ក្នុងវិស័យភាគច្រើន ដែលនាំមុខដោយវិស័យថាមពល វិស័យធនាគារ និងវត្ថុធាតុដើមដែលជួយប៉ះប៉ូវលទ្ធផលមិនសូវល្អនៃក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះ។
តំបន់អារ៉ាប់ ឬ GCC រួមមាន៦ប្រទេស ដូចជា ប្រទេសបារ៉ែន ប្រទេសកូវែត ប្រទេសអូម៉ង់ ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមអេមីរ៉ាត៕ Arab News៕
