រដ្ឋាភិបាលអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ជាង៣១ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅក្នុង​រយៈពេល៥​ឆ្នាំ​ចុង​ក្រោយនេះ​ ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ សម្រេចបាន១៩,៣២២ គម្រោង​ដែលមាន​ទុនវិនិយោគ​ជាង៣១ពាន់​លាន​ដុល្លារ។

យោងតាម​របាយការណ៍​ស្ដី​​ពី ​សមិទ្ធផល​សម្រេចបាន​រយៈ​ពេល៥ឆ្នាំកន្លងមក​របស់​ក្រ​សួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់បានឲ្យដឹងកាលពីចុងខែសីហាកន្លងមកថា ការវិនិយោគ​វិស័យ​សំណង់​ទាំង​ក្នុងស្រុក និង​ពី​ក្រៅប្រទេស​មាន​សម្ទុះ​ខ្លាំងក្លា និង​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្តែង​រយៈ​​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយនេះ ការ​​វិនិយោគ​ក្នុង​វិស័យ​សំណង់ សម្រេចបាន ១៩,៣២២​ គម្រោង ដែល​ស្មើ​ទុនវិនិយោគ៣១,៤៨៤លាន​ដុល្លារ​។

ជា​​មួយ​គ្នា​នេះ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ ​២០២២ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​២,០០០គម្រោង និង​មាន​ទុនវិនិយោគ១,២០៦​លាន​ដុល្លារ​។​

លោកលី រស្មីរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឲ្យដឹង ក្នុង​សន្និសីទ​សារព័ត៌មានស្ដីពី ​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥ ​ឆ្នាំកន្លងមក របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​​ទី​២៤ ខែសីហាកន្លងមកថា ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​វិនិយោគ ​ក្នុង​វិស័យ​សំណង់ និង​អចលន​​ទ្រព្យ​នៅ​កម្ពុជា រួមមាន​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ថៃ​។​

លោក​បាន​ថ្លែងថា “​វិស័យ​សំណង់ គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់ ដែល​បានរួម​​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ដោយ​បំពេញ​នូវ​គោល​​បំណង​ជា​មូលដ្ឋាន និង​បង្កើត​នូវ​ឱកាស​ការងារ​ជាច្រើន ព្រម​​ទាំង​បង្កើន​ប្រាក់ចំណូល​ខ្ពស់​ដល់​សង្គម និង​បាន​ចូលរួម​ដ៏​សកម្ម​ក្នុង​កំណើន​នៃ​សេដ្ឋកិច្ចជាតិ ពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ ​លើ​វិស័យនេះ​ដោយផ្ទាល់”​។​

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​ងារ​អចលនវត្ថុ​កម្ពុជាលោក​ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរ​ថា ក្រៅពី​ចិន និង​ជប៉ុន ដែល​បាន​ចូលរួម​វិ​និ​យោគ​ច្រើន ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា វិនិយោគិន​នៅ​តំបន់​អឺរ៉ុប ក៏មាន​ការវិនិយោគ​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ​។​

លោក​បន្ថែមថា “ទុនវិនិយោគ​ដែល​ហូរ​ចូលមក​ប្រទេស​កម្ពុជា ​តាមរយៈ​វិស័យ​សំណង់​ បាន​ចូលរួមចំណែក​យ៉ាងច្រើន ​ក្នុង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ចជាតិ ព្រោះ​អ្នកវិនិយោគ​ទាំង​​នេះ ​បាន​នាំយក​ទុន​ពី​បរទេស​មកចាក់​ចូល​នៅក្នុង​ចរន្ត​សេដ្ឋ​​កិច្ច​កម្ពុជា”​។

​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ ក្នុង​រយៈ​​ពេល​ជិត២២ ​ឆ្នាំ​មកនេះ​ ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាង​​សង់ ​នៅ​ទូទាំងប្រទេស​ចំនួន៥៧,៥៩០​គម្រោង និង​ទុន​វិ​និ​យោគ ៦៦,២០៥​លាន​ដុល្លារ​។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ ​ជាន់ឡើង​នៅ​ទូទាំង​​ប្រទេស​មាន២,៤៧២​អគារ គម្រោង​បុរី​លំនៅឋាន និង​លំ​​នៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន៤៨២​គម្រោង​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here