ដោយ: លាងហួរ
វៀតណាម: ផ្លូវល្បឿនលឿន Vân Đồn- Mong Cái បានបើកជាផ្លូវការសម្រាប់ចរាចរណ៍ ហើយលោកនាយករដ្ឋមន្ត្រី Pham Minh Chính ជឿជាក់ថា វានឹងនាំមកនូវភាពរុងរឿង និងឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ខេត្ត Quảng Ninh និងតំបន់ដីសណ្ដទន្លេក្រហមទាំងមូល។
ផ្លូវនេះមានប្រវែងជាង៨០គីឡូម៉ែត្រ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Vân Đồn និងផ្លូវចូលទៅស្ពាន Bắc Luân២នៅព្រំដែនវៀតណាម-ចិនក្នុងទីក្រុង Mong Cái។
ហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ ត្រូវបានសាងសង់ក្នុងរយៈពេលជាង២ឆ្នាំ មានផ្លូវចំនួន៤សម្រាប់យានជំនិះ ផ្លូវសង្គ្រោះបន្ទាន់ចំនួន២និងល្បឿនរចនាដើម្បីឱ្យយានជំនិះ ធ្វើដំណើរក្នុងល្បឿន១២០គីឡូម៉ែត្រក្នុង១ម៉ោង។
ផ្លូវនេះត្រូវបានបំពាក់ដោយប្រព័ន្ធដឹកជញ្ជូនដ៏ឆ្លាតវៃ ដែលអាចដំណើរការ២៤ម៉ោង និងអាចគ្រប់គ្រងលក្ខខណ្ឌអាកាសធាតុបាន។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Nguyễn Tường Văn បានឲ្យដឹងថា ផ្លូវល្បឿនលឿនVân Đồn – Mong Cái ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Hà Nội ទៅកាន់ទីក្រុង Mong Cai ដល់ទៅ៣ម៉ោង។
វាក៏ភ្ជាប់ជាមួយផ្លូវល្បឿនលឿន ដែលឆ្លងកាត់ Vân Đồn, Hạ Long, Hải Phòng, Hà Nội និង Lào Cai បង្កើតបានជាផ្លូវល្បឿនលឿនបំផុតរបស់ប្រទេសជិត៦០០គីឡូម៉ែត្រ ហើយបានប្រែក្លាយខេត្ត Quang Ninh ទៅជាតំបន់ ដែលមានផ្លូវល្បឿនលឿនបំផុតប្រវែង១៧៦គីឡូម៉ែត្រ។
លើសពីនេះ Vân Đồn – Móng Cái គឺជាប្រភេទផ្លូវដំបូងគេក្នុងការតភ្ជាប់ព្រលានយន្តហោះចំនួនបី (Nội Bài in Hà Nội, Cát Bi នៅ Hải Phòng និង Vân Đồn) និងតំបន់សេដ្ឋកិច្ចបី ដែលមានច្រកទ្វារអន្តរជាតិមួយ។
លោក Văn បានកត់សម្គាល់ថា វាក៏ជួយតភ្ជាប់បណ្តាប្រទេសអាស៊ានផ្សេងទៀត និងមូលដ្ឋានវៀតណាមជាមួយប្រទេសចិន តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិMong Cái សម្រួលដល់ការទាក់ទាញវិនិយោគ សកម្មភាពសេដ្ឋកិច្ចតាមព្រំដែន ក៏ដូចជាការអភិវឌ្ឍន៍សង្គម និងទេសចរណ៍ក្នុងខេត្តផងដែរ៕