ដោយៈ ជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោង មានទុនជាង៣០៤៣លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋចំនួន៧៥,៣៤៣កន្លែង នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍របស់CDCបានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១១២ គឺនៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង២,២៧៧លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៩,៩០៥កន្លែង។
បន្ទាប់មក ខែឧសភាឆ្នាំ២០២២នេះ មានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋចំនួន១២,៣៩៥កន្លែង។ចំណែកខែសីហា CDCបានអនុម័តគម្រោងវិនិយោគចំនួន១៧គម្រោង ដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១,១៩៧នាក់។
ក្នុងចំណោមក្រុមហ៊ុនចំនួន១១២គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗមានចំនួន៤រួមមាន អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន១.៣០០លានដុល្លារអាមេរិក៕