ដោយៈ គង់ សូរិយា
ភ្នំពេញៈ មានវិធីសាស្រ្តច្រើនណាស់ ដែលអ្នកនៅក្នុងវិស័យនេះបានរៀបចំឡើង និងធ្វើឲ្យអ្នកមានចំណេះដឹងមានកម្រិតក្នុងវិស័យនេះ បានរងគ្រោះ។
គេហទំព័រPropertyarea.asia សូមលើកយកករណីមិនប្រក្រតីមួយចំនួនមកបង្ហាញ ដើម្បីឲ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់ និងអាចបង្កាហានិភ័យបាន។
ប្រយ័ត្នចំពោះប្រាក់កក់
អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។
ដំណោះស្រាយ
អ្នកអាចជ្រើសយកជម្រើស នៃការផ្ញើប្រាក់កក់ តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការី រង់ចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។ ធ្វើបែបនេះអាចការពារខ្លួនអ្នកពីការឆបោក។
អ្នកលក់ដីឡូតិ៍ខ្យល់
ពួកគេប្រើប្រាស់គម្រោងអ្នកដទៃមកធ្វើទីផ្សារ ដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។ ពួកគេមិនមានក្រុមហ៊ុនច្បាស់លា ស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។
អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់ អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោង ពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។
ដំណោះស្រាយ
អ្នកទិញមិនត្រូវជឿ ដោយគ្រាន់តែឃើញ តាមរយៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។
ការខូចខាតលាក់កំបាំង
មូលហេតុមួយដែលគេលក់ផ្ទះ ក្នុងតម្លៃទាបជាងទីផ្សារខ្លាំង គឺអាចដោយសារតែមានការខូចខាត ដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាប់ លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះ បានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។
ដំណោះស្រាយ
ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយ ដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះ មុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។
តំបន់មានទឹកជំនន់
“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយ នៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មានទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះ មានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេល ដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។
ដំណោះស្រាយ
អ្នកអាចត្រួតពិនិត្យមើលថា តើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។
ការបង់ប្រាក់មុនគម្រោង
អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី និងចាប់បើកលក់មុនគម្រោង។ ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មម ពួកគេស្រាប់តែគេចខ្លួនបាត់។
ដំណោះស្រាយ
ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗ របស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតា បានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ តាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ពីគេហទំព័រ ដែលអាចទុកចិត្តបាន ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។
ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍ មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ៕