ក្រសួង​សាធារណការពិភាក្សាការងារនៅសេសសល់ ដើម្បីត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បាន​បើក​កិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារ ដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការកោតសរសើរ និងអំណរគុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលបានអនុវត្តការងារសាងសង់លឿនជាងគម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីក៏បានដាក់ផែនការ ឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បង ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ ចំពោះទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ផ្លូវនេះសម្រចបាន៩៦,៦០%។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here