បុរីចាន់ណាលែនកំពុងសម្រេចវឌ្ឍនភាពយ៉ាងប្រសើរ ស្របពេលតម្រូវការអតិថិជនកើនឡើង

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់អតិថិជនលើគម្រោងបុរីចាន់ណាលែនទី១ និងទី២ ក្រុមហ៊ុនចាន់ណាលែនបាន និងកំពុងឈានឆ្ពោះទៅអភិវឌ្ឍគម្រោងបុរីទី៣ ដោយនឹងជំរុញសក្តានុពលតំបន់បន្ថែមទៀត ព្រមទាំងកែប្រែការរស់នៅរបស់ប្រជាជនកាន់តែមានផាសុកភាពបន្ថែមទៀត។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ថា គម្រោងបុរីចាន់ណាលែនទី២ ទទួលបានការគាំទ្រពីសំណាក់អតិថិជនពីគ្រប់ទិសទី ដោយសម្រេចការលក់បានជាង៥០ភាគរយហើយ ក្រោយបើកដំណើរការទើបតែបានប៉ុន្មានខែប៉ុណ្ណោះ។

ដោយទទួលបានការជោគជ័យយ៉ាងខ្លាំងលើគម្រោងទី២ ក្រុមហ៊ុនចាន់ណាលែនបាននិងកំពុងសិក្សាហេដ្ឋារចនាសម្ព័ន្ធ ប្លង់ស្ថាបត្យកម្មសម្រាប់ការអភិវឌ្ឍគម្រោងបុរីចាន់ណាលែនទី៣បន្តទៀត។

លោកអគ្គនាយកបង្ហើបឱ្យដឹងថា គម្រោងថ្មីទី៣នេះគ្រោងអភិវឌ្ឍលើផ្ទៃដីសរុបជាង១០ហិចតា ដែលនឹងត្រូវសាងសង់ផ្ទះជាង១០០០ល្វែង។ គម្រោងចាន់ណាលែនទី៣ ចំណាយថវិកាប្រមាណ៧លានដុល្លារអាមេរិក រួមមាន ការបោះទុនជាង២លានដុល្លារអាមេរិកលើដីធ្លី និងការសាងសង់ប្រមាណ៥លានដុល្លារអាមេរិក។

ដោយមើលឃើញសក្តានុពលកាន់តែខ្លាំងនៃតំបន់វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទើបលោកអគ្គនាយកក្រុមហ៊ុនជ្រើសរើសតំបន់នេះ ជាទីតាំងសម្រាប់ការអភិវឌ្ឍថ្មីបន្តទៀត។

លោកបញ្ជាក់ប្រាប់ថា “គម្រោងធំៗថ្មីៗជាច្រើន បានឈានជើងចូលមក ជាពិសេស គម្រោងស្ពានមិត្តភាពកម្ពុជាកូរ៉េ ភ្នំពេញ-អរិយក្សត្រ ជិតចេញជាផ្លូវការមែនទែន ហើយដីធ្លីនៅទីនេះត្រូវបានចេញជាប្លង់រឹងរួចរាល់អស់ហើយ”។

បើតាមលោកចាន់ណា បានឲ្យដឹងថា នាពេលថ្មីៗនេះ ការប្រកាសពីគម្រោងបង្កើតក្រុងល្វាឯម ដែលមានទីតាំងជិតតំបន់វិហារសួគ៌ផងដែរនោះ នឹងធ្វើឱ្យតំបន់នៃគម្រោងរបស់លោកកាន់តែមានសក្តានុពល ហើយទាក់ទាញបាននូវគម្រោងវិនិយោគធំៗជាច្រើនបន្ថែមទៀតកាន់តែច្រើន។

លោកបន្តថា “បើយើងមើលលើការវិវត្តនៃរាជធានីភ្នំពេញ តំបន់នេះស្ថិតនៅប៉ែកខាងកើតក្រុងភ្នំពេញ និងមានទីតាំងនៅជិតភ្នំពេញជាងគេ ដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅមករវាងភ្នំពេញនិងវិហារសួគ៌ ដោយគ្រាន់តែមានស្ពានតែប៉ុណ្ណោះ នឹងធ្វើឲ្យមានភាពងាយស្រួល។ តំបន់នេះក៏មានភាពងាយស្រួល ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ ព្រោះនៅទីនេះ មិនសូវមានផ្ទះប្រជាជនរស់នៅកុះករដូចតំបន់ផ្សេងឡើយ”។

លោកបន្ថែមថា “ចក្ខុវិស័យនាពេលអនាគត ការរៀបចំទាំងប្រព័ន្ធទឹក ភ្លើង និងលូត្រូវបានរៀបចំតាមស្តង់ដារតាមសម័យទំនើប ដែលនឹងមិនមានការប៉ះពាល់នាពេលអនាគត”។

លើសពីនេះទៅទៀត គម្រោង7NG ដែលប្រមូលផ្ដុំដោយរោងចក្រធំៗជាង១០រោងចក្រ និងមានប្រជាពលរដ្ឋ កម្មករកម្មការនីជាច្រើនរស់នៅតំបន់នេះរួចស្រេចទៅហើយ ក៏បង្កភាពងាយស្រួលដល់ការអភិវឌ្ឍ និងសក្តានុពលបន្ថែមទៀត។

គម្រោងបុរីចាន់ណាលែនទី៣នេះ ផ្តោតលើអតិថិជនកម្រិតមធ្យម ដែលរស់នៅក្នុងមូលដ្ឋាន មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ព្រមទាំងក្រុមអតិថិជនមកពីក្រៅប្រទេសផងដែរ។ លោកចាន់ណាបានលើកឡើងថា “គម្រោងរបស់ក្រុមហ៊ុនចាន់ណាលែន បាននិងកំពុងកែប្រែការរស់នៅរបស់ប្រជាជននៅក្នុងមូលដ្ឋានពីការរស់នៅក្នុងផ្ទះឈើតូចៗ មករស់នៅក្នុងលំនៅឋាន ដែលមានផាសុខភាពជាងមុន”។

ក្រៅពីនេះ គម្រោងចាន់ណាលែនទី៣ ក៏មានការអភិវឌ្ឍផ្សារ ព្រមទាំងផ្តោតលើភាពងាយស្រួលក្នុងការបង់ប្រាក់ ល្បឿនលឿននៃការសាងសង់ផ្ទះផងដែរ ដើម្បីបង្កើនទំនុកចិត្តជូនអតិថិជន ហើយជំរុញឱ្យពួកគាត់មករស់នៅក្នុងគម្រោងកាន់តែច្រើន។

លោកបញ្ជាក់ថា “យើងមានបង្កើតផ្សារ ដោយផ្តោតលើភាពងាយស្រួលក្នុងការបង់ប្រាក់ ទាំងល្បឿននៃការសាងសង់ យើងក៏ធ្វើលឿន ដើម្បីឲ្យអតិថិជនមករស់នៅក្នុងគម្រោង ហើយយើងបន្តអភិវឌ្ឍគម្រោងថ្មី ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here