ខេត្តព្រះសីហនុកំពុងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ទី៣ដែលមានសមត្ថភាពផលិតទឹកបាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

0

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ កំពុងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ទី៣ លើផ្ទៃដីទំហំជាង១ហិកតា និងមានសមត្ថភាពផលិតទឹកបាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ក្រោយរោងចក្រប្រព្រឹត្តិកម្មទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការរួចរាល់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍កាលពីពេលកន្លងមកថា រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ទី៣ មានទីតាំងភូមិ៤ សង្កាត់លេខ៤ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ១,១២ហិកតា មានសមត្ថភាពផលិតទឹកបាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

ការសាងសង់រោងចក្រនេះបានចាប់ផ្តើមបន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដែលបានសាងសង់រួចមានសមត្ថភាពប្រត្តិកម្មទឹកកខ្វក់បានជាង១ម៉ឺន៣ពាន់មែត្រគូបក្នុងមួយថ្ងៃ។

គម្រោងនេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ហើយត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។

រោងចក្រប្រព្រឹត្តិកម្មនេះនឹងចម្រោះ និងធ្វើប្រព្រឹត្តិកម្មទឹក មុនពេលដែលវាត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់ ទិសដៅឆ្លើយតបនឹងសំណល់រាវដែលកើនឡើងជាបន្តបន្ទាប់ និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។

ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែងរួចហើយ ដែលបានបើកដំណើរការរួចរាល់។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។

ដោយឡែក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here