ដោយ: លាងហួរ
ឡាវ: ស្ពានមិត្តភាពឡាវ-ថៃទី៥ រវាងខេត្តបូលីខេមសៃ និងខេត្តបឹងកាន បានបញ្ចប់ការសាងសង់ជាងពាក់កណ្តាលហើយ គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ។
លោក Laithong Phommavong ប្រធានគម្រោងស្ពានមិត្តភាពឡាវ-ថៃទី៥ បាននិយាយថា ការសាងសង់បានចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៩ ជាមួយនឹងប្រាក់កម្ចីជាង១ពាន់លានបាត ពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ក្នុងប្រទេសថៃ។
ស្ពានដែលកំពុងត្រូវបានសាងសង់ឆ្លងទន្លេមេគង្គ មានប្រវែងសរុប៥៣៥ម៉ែត្រ នៅខាងប្រទេសឡាវ។ បន្ថែមពីលើនេះកិច្ចសន្យាលើកទីពីរ ក្នុងការសាងសង់ផ្លូវចូល ស្ពាន ដែលមានប្រវែងសរុប២.៧៧៥ម៉ែត្រ រួមទាំង ប៉ុស្តិ៍ត្រួតពិនិត្យ និងគ្រឿងបរិក្ខារផ្សេងទៀតនៅភាគីឡាវ គ្រោងសាងសង់រយៈពេល សាងសង់៣០ខែ និងរយៈពេលធានា២៤ខែ។
លោក Laithong បានបញ្ជាក់ថា គម្រោងនេះ បានសហការជាមួយក្រុមការងារថ្នាក់កណ្តាល និងខេត្ត ដើម្បីបន្តប្រតិបត្តិការ និងសម្រួលដល់ក្រុមក្រុមហ៊ុនប្រឹក្សាយោបល់ និងក្រុមហ៊ុនម៉ៅការថៃ ធ្វើការយ៉ាងរលូន ទោះបីក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
រដ្ឋាភិបាលក៏ត្រូវបានស្នើឱ្យពិនិត្យមើលប្រភពថវិកា ដើម្បីទូទាត់សំណង ដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ និងសងសំណងទៅអ្នកម៉ៅការវិញ សម្រាប់ចំនួនទឹកប្រាក់ ដែលបានខ្ចីរួចហើយ ដើម្បីសាងសង់ស្ពាន។
ស្ពាននេះមានទីតាំងស្ថិតនៅភូមិ Kouay Oudom ស្រុក Paksan ខេត្ត Bolikhamxay មានចម្ងាយ២,៨គីឡូម៉ែត្រ ពីផ្លូវលេខ១៣ នៅភាគខាងត្បូង។ នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងបម្រើជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់ដែលតភ្ជាប់ប្រទេសថៃ និងទីក្រុងវៀតណាមជាច្រើនឆ្លងកាត់ប្រទេសឡាវ៕