អត្រាការប្រាក់សម្រាប់កម្ចីផ្ទះនៅអាមេរិកហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨

0

សុខុម

ញូវយ៉ក: អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះរយៈពេលវែង នៅសហរដ្ឋអាមេរិក បានហក់ឡើងជាថ្មីម្តងទៀតកាលពីសប្តាហ៍មុន ដោយឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត១៤ឆ្នាំមកនេះ និងថែមទាំងធ្វើឱ្យបាត់បង់អ្នកទិញផ្ទះកាន់តែច្រើនទៀតផង។

Freddie Mac ដែលជាស្ថាប័នទិញកម្ចីទិញផ្ទះ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅថា អត្រាការប្រាក់ សម្រាប់កម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំ បានហក់ឡើងរហូតដល់៥,៨៩% បើធៀបនឹង៥,៦៦%នៅសប្ដាហ៍មុននេះ។

នោះគឺជាអត្រាការប្រាក់រយៈពេលវែង ដែលខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ មក បន្ទាប់ពីការដួលរលំនៃទីផ្សារលំនៅដ្ឋានបាននាំទៅរកមហាវិបត្តិសេដ្ឋកិច្ច។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់នេះគឺស្ថិតក្នុងរង្វង់ត្រឹមតែ២,៨៨%ប៉ុណ្ណោះ។

អត្រាការប្រាក់ជាមធ្យម សម្រាប់កម្ចីទិញផ្ទះរយៈពេល១៥ឆ្នាំ ដែលពេញនិយមក្នុងចំណោមអ្នក ដែលស្វះស្វែងធ្វើការផ្ទេរបុនហិរញ្ញប្បទាន (Refinance) សម្រាប់ផ្ទះរបស់ពួកគេបានហក់ឡើង៥,១៦%បើធៀបនឹង៤,៩៨%នៅសប្ដាហ៍មុននេះ។

នោះគឺជាលើកទី១ ហើយដែលអត្រាការប្រាក់ សម្រាប់កម្ចីទិញផ្ទះរយៈពេល១៥ឆ្នាំ បានហក់ឡើងលើស៥%ចាប់តាំងពីឆ្នាំ២០០៩ មក នៅពេលទីផ្សារអចលនទ្រព្យបានធ្លាក់ចុះ ក្នុងរយៈពេលច្រើនឆ្នាំ។ កាលពីឆ្នាំមុននៅពេលនេះ អត្រាការប្រាក់នេះស្ថិតក្នុងរង្វង់ត្រឹមតែ២,១៩%ប៉ុណ្ណោះ។

ការដំឡើងអត្រាការប្រាក់ដែលជាផ្នែកមួយ នៃការជំរុញដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដើម្បីកាត់បន្ថយអតិផរណា បានធ្វើឱ្យទីផ្សារលំនៅដ្ឋាន ដែលធ្លាប់តែមានសន្ទុះខ្លាំងច្រើនឆ្នាំមកនេះ ប្រែជាស្ងប់ស្ងាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here