ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានផ្ដល់នូវអត្ថប្រយោជន៍ និងជំរុញសក្ដានុពលនៃដីធ្លី និងការអភិវឌ្ឍអចលនទ្រព្យ។ ជាក់ស្ដែង គម្រោងផ្លូវចំនួន២ខ្សែ តភ្ជាប់ទៅកាន់ខេត្តបាត់ដំបង នឹងជំរុញសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះបន្ថែមទៀត។
គម្រោងផ្លូវសំខាន់២ខ្សែនោះ រួមមាន ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង និងផ្លូវមួយខ្សែទៀត គឺតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលផ្លូវនេះ កំពុងស្ថិតនៅក្នុងផែនការនៅឡើយ តែត្រូវបានសិក្សាចប់សព្វគ្រប់ និងត្រៀមបើកការដ្ឋាននៅពេលឆាប់ៗនេះ។
-->

លោក អ៊ិន ដារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Battambang បានឱ្យដឹងថា ផ្លូវចំនួន២ខ្សែនឹងជួយជំរុញសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងខេត្តបាត់ដំបង កាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារតែផ្លូវនេះ នឹងនាំមកនូវភ្ញៀវទេសចរ ការវិនិយោគ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
លោកបន្តថា នៅពេលផ្លូវតភ្ជាប់ពីបាត់ដំបងទៅកាន់ខេត្តសៀមរាប ដែលមានចំងាយជាង៧០គីឡូម៉ែត្រ សាងសង់រួច វានឹងជួយឱ្យទំនាក់ទំនងខេត្តសៀមរាប និងបាត់ដំបង កាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងនោះភ្ញៀវទេសចរអាចមកលេងសៀមរាប ហើយហួសមកបាត់ដំបងបានដោយស្រួល ហើយវិនិយោគិនក៏មានភាពងាយស្រួលក្នុងការសិក្សាស្វែងយល់ពីការវិនិយោគរវាងខេត្តទាំងពីរនេះផងដែរ។
លោកបន្ថែមថា “ផ្លូវជាតិលេខ១០ក៏ដូចគ្នាដែរ នឹងអាចជំរុញឱ្យសក្ដានុពលដីធ្លីនៅខេត្តបាត់ដំបងនឹងកម្រើកបានមួយកម្រិត ព្រោះថាផ្លូវជាតិលេខ១០តភ្ជាប់រហូតដល់ខេត្តចំនួនបី ដែលអ្នកនៅខេត្តកោះកុងមិនចាំបាច់ចូលមកភ្នំពេញសិននោះទេ ពួកគាត់អាចធ្វើដំណើរតាមផ្លូវជាតិលេខ១០ឆ្លងកាត់ខេត្តពោធិ៍សាត់ ចូលដល់បាត់ដំបងផ្ទាល់”។

លោកបានបញ្ជាក់ថា “ពេលនេះតម្លៃដីធ្លីនៅបាត់ដំបងបានងើបឡើងជាបន្តបន្ទាប់ហើយ ហើយនៅពេលដែលផ្លូវទាំងនេះធ្វើរួចរាល់ វានឹងហក់ឡើងបន្តបន្ទាប់បន្ថែមទៀត”។
លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ក៏បានលើកឡើងថា ការវិនិយោគនៅខេត្តបាត់ដំបងបានចាប់ផ្ដើមបន្តិចម្ដងៗឡើងវិញ ក្រោយរដ្ឋាភិបាលបានបើកទូលាយបន្ទាប់ពីកូវីដ១៩បានធូរស្រាល។
លោកបន្តថា “បច្ចុប្បន្ននេះ យើងបានមើលឃើញមានគម្រោងវិនិយោគមួយចំនួនជាការវិនិយោគរបស់វិនិយោគិនក្នុងខេត្តបាត់ដំបង និងមកពីភ្នំពេញ។ យើងរំពឹងថា ក្នុងខេត្តបាត់ដំបងនឹងទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ក្រោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនចាប់ផ្ដើមសាងសង់ និងគ្រោងសាងសង់”៕
