រដ្ឋាភិបាលកំពុងរៀបចំកសាងផ្លូវកៅស៊ូប្រវែង១៤០គីឡូម៉ែត្រនៅក្នុងតំបន់រុនតាឯក

0

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធររៀបចំការកសាងហេដ្ឋារចនាសម្ព័ន្ធចំនួន១៤០គីឡូម៉ែត្រ នៅក្នុងតំបន់រុនតាឯក ដោយគម្រោងទាំងនោះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវកៅស៊ូនិងបេតុង នាពេលអនាគត។

សម្តេចបានបញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានបញ្ជាក់ថា “ផ្លូវចូលមកកាន់ទីនេះត្រូវតែចាក់កៅស៊ូ។ ធ្វើមិច មុនចូលឆ្នាំខ្មែរឱ្យមានផ្លូវកៅស៊ូ។ […] ហេដ្ឋារចនាសម្ព័ន្ធកំពុងតែត្រូវបានរៀបចំ។ ផ្លូវនៅទីនេះកំពុងតែត្រូវធ្វើប្រវែង១៤០គីឡូម៉ែត្រ”។

សម្តេចបានបន្តថា “យើងបានធ្វើចំនួន១៨គីឡូម៉ែត្រហើយ ក្នុងចំណោម១៤០គីឡូម៉ែត្រ ប៉ុន្តែខ្ញុំសំណូមពរឱ្យមានការចាក់កៅស៊ូ ពីផ្លូវចាក់កៅស៊ូ ចូលមកកាន់តំបន់នេះ ជាបឋម រួចហើយទើបចាក់បេតុងមួយចំនួននៅក្នុងតំបន់នេះ ដែលជាជំហានក្រោយ”។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប៩៣.៣៥១ក្បាលដី ទំហំ១០.៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន៣៩.០៤០ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន៤៧.៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន៦.៩៩១ក្បាលដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here