រដ្ឋាភិបាលប្រកាសផ្ដល់ប័ណ្ណក្រីក្រនិងប័ណ្ណស្ត្រីមានផ្ទៃពោះដល់ពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងលំនៅឋានថ្មីនៅរុនតាឯក

0

ដោយ៖ សុផារី

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ ដល់ពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងលំនៅឋានថ្មី នៅតំបន់រុនតាឯក។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោបានបញ្ជាក់ថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃរមណីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។

ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។

តាមសម្ដេចតេជោប៉ាន់ប្រមាណ អាចមានពលរដ្ឋ៦ពាន់គ្រួសារ ដែលត្រូវបានផ្លាស់ប្ដូរទីលំនៅពីក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិរុនឯកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here