ដោយ៖ សុផារី
សៀមរាប៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុយោគយល់ និងផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាពលរដ្ឋ ដែលរើចេញតំបន់អង្គរមកតាំងទីលំនៅដ្ឋានថ្មីនៅតំបន់រុនតាឯក។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
-->

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនអាចនឹងត្រូវការដើមទុនបង្កើតមុខរបរ ដោយសម្ដេចទទូចឱ្យសេវាឥណទានហិរញ្ញវត្ថុយោគយល់ និងអាទិភាពឱ្យខ្ចី សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់រុនតាឯក ហើយទម្លាក់អត្រាការប្រាក់ទាបជាងអតិថិជនទូទៅផ្សេងទៀត។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដោះស្រាយសម្រាប់ប្រជាពលរដ្ឋ ដែលចាកចេញពីរមណីយដ្ឋានអង្គរ មកតាំងទីលំនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ដោយមានប្រជាពលរដ្ឋចំនួន ៥៩៤គ្រួសារហើយ ដែលបានសម្រេចចាកចេញមករស់នៅភូមិថ្មីនេះ ដើម្បីចូលរួមការការពារតំបន់ប្រាសាទឱ្យកាន់តែគង់វង្ស និងលើកកម្ពស់មុខមាត់ប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរណ៍ ហើយចំនួន១.១១៧ គ្រួសារទៀត ត្រៀនឹងចាកចេញនៅពេលខាងមុខបន្តទៀត៕