សម្ដេចតេជោ៖ មិនទាន់មានដៃគូណាមួយអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ

0

ដោយ៖​ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា តាំងពីដើមរហូតមកដល់ពេលនេះ មិនទាន់មានដៃគូណាមួយ ដែលអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ កុំថាឡើយអ្នកវិភាគនោះ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណុចខ្លាំងមួយរបស់សម្ដេច គឺកិច្ចការណាមួយ ដែលសម្ដេចចង់ធ្វើ អ្នកវិភាគឬដៃគូរបស់សម្ដេចមិនអាចវាយតម្លៃត្រូវនោះទេ។

សម្ដេចតេជោក៏បានផ្ដាំទៅអ្នកវិភាគ និងដៃគូប្រកួតប្រជែងរបស់សម្ដេចថា បើសិនជាមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបានទេ ទោះបីជាអ្នកជំនាន់ក្រោយរបស់ដៃគូទាំងនោះក៏មិនអាចយកឈ្នះសម្ដេចបានដែរ។

សម្ដេចថ្លែងថា “ផ្ដាំទៅអ្នកឯង អ្នកឯងវាយក្រឡា ហ៊ុន សែន មិនត្រូវទេ។ ហើយអ្នកឯងចាំជាតិក្រោយកូនអ្នកឯងទៀតក៏នៅតែមិនឈ្នះដែរ។ ដូចល្បែងអុកអញ្ចឹងកុំឱ្យគេប៉ាន់ស្មានថាយើងដើរសេះទៅជ្រុងណា ឬដើរទូកទៅជ្រុងណាដែលកូនណាទៅជ្រុងណាកុំឱ្យគេបានស្មានត្រូវ។ អរគុណហើយដែលអ្នកឯងប៉ាន់ស្មានខ្ញុំមិនត្រូវ ហើយអ្នកឯងនៅតែប៉ាន់ស្មានមិនត្រូវមួយជីវិត”។

សម្តេចតេជោបានថ្លែងបន្តថា “ចំណុចខ្លាំងរបស់ ហ៊ុន សែន គឺអ្នកឯងវិភាគរឿង ហ៊ុន សែន ខុសទាំងអស់ […] នេះចំណុចខ្លាំងលើចំណុចខ្លាំងរបស់ ហ៊ុន សែន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here