ដោយ៖ សុផារី
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការពន្លឿនការអភិវឌ្ឍ តំបន់រុនតាឯក ទៅជាតំបន់ធម្មជាតិ និងប្រែក្លាយជាក្រុងរណបរបស់ខេត្តសៀមរាប ដោយមានការអភិវឌ្ឍផ្លូវថ្នល់ ផ្សារ សាលារៀន តបណ្តាញទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត។
សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងខេត្តសៀមរាប។
សម្តេចបានណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក ចំណាយប្រមាណ៣លានដុល្លារអាមេរិក និងណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកផងដែរ។
លើសពីនេះ សម្តេចក៏បានណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯក ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិរុនតាឯក ដែលមានប្រវែងសរុប១៤០គីឡូម៉ែត្រ។ បច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។
សម្តេចមានប្រសាសន៍ថា “ឥឡូវសូមឱ្យទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីឱ្យតភ្លើងចូលមកក្នុងតំបន់រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធទឹក ផ្លូវកំពុងធ្វើហើយ យើងមានសាលាបឋម នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ”។
សម្តេចក៏បញ្ជាឱ្យមានការបង្កើតសាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ នៅភូមិធម្មជាតិរុនតាឯក ហើយសម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ១ខ្នង ២ជាន់ ២០បន្ទប់ នៅភូមិធម្មជាតិរុនតាឯក ព្រមទាំងសាងសង់ផ្សារនៅភូមិធម្មជាតិរុនតាឯក៕