ផ្លូវ៥៩៨ឬផ្លូវជា សុផារ៉ាចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋានបែបអភិជន និងតំបន់ពាណិជ្ជកម្ម

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថារីករាលដាល កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះដែររាជធានីភ្នំពេញចាត់ទុកជាតំបន់ ដែលទទួលបានការចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍលំនៅឋាន ដោយតំបន់ជាយៗក្រុងមានការអភិវឌ្ឍលឿនរហ័ស។

ជាក់ស្ដែងតំបន់តាមបណ្ដោយផ្លូវជាសុផារ៉ា ដែលពីមុនសុទ្ធតែជាឃ្លាំងអេដចាយ បានកំលាយទៅជាតំបន់អភិវឌ្ឍន៍លំនៅឋាន ដ៏មានសក្ដានុពលនិងកំពុងកំលាយទៅជាតំបន់លំនៅឋាន បែបអភិជនដ៏ទាក់ទាញផងដែរ។

លោកភូ សែពីង ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបែបអភិជនមួយកន្លែងនៅតំបន់ផ្លូវជា សុផារ៉ា ( ផ្លូវ៥៩៨) បានឱ្យដឹងថា គម្រោងលំនៅឋានរបស់ខ្លួនគឺជាគម្រោងដំបូងគេ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៥៩៨ ហើយលោកជឿជាក់ថា គម្រោងរបស់ខ្លួននឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណីត ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ផ្លូវ៥៩៨ផ្ទាល់តែម្ដង ។

លោកបន្តថា “កត្តាដែលក្រុមហ៊ុនសម្រេចចិត្ត បោះទុនវិនិយោគនៅក្នុងតំបន់នេះ ដោយសារតែតំបន់នេះ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងនោះដូចជា ស្នងការរាជធានីភ្នំពេញ ផ្សារទំនើបទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូនិងក្លូបលហៅស៍ ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ ទីលានវាយកូនហ្គោលហ្គាដិនស៊ីធី ជាដើម”។

បច្ចុប្បន្នផ្សារទំនើប ហាងកាហ្វេ Mini Mart ជាច្រើនបាននិងកំពុងបង្ហាញវត្តមាននៅលើផ្លូវនេះ ខណៈគំរោងជាច្រើនទៀតបាន និងកំពុងបង្ហាញខ្លួនផងដែរ។

ជាមួយគ្នានេះលោកឈុន ហេងឡេង អ្នកគ្រប់គ្រងក្រុមហ៊ុន Dragon Land Investment បានឱ្យដឹងផងដែរថា  នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតនេះ នឹងមានអភិវឌ្ឍន៍ជាផ្សារទំនើប និងអគារការិយាល័យទំនើបផងដែរ។ ដូច្នេះនៅក្នុងតំបន់នេះ នឹងមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត ហើយសង្ឃឹមថាប្រជាពលរដ្ឋ ដែលមានជីវភាពធូរធានឹងផ្លាស់ប្តូរមករស់នៅក្នុងតំបន់ដែលទូលាយបែបនេះ កាន់តែច្រើន ។

លោកបន្តថា “ជំហ៊ានដំបូងនេះ យើងមិនអភិវឌ្ឍន៍ផ្ទះល្វែង និងវីឡាច្រើននោះទេ គឺយើងធ្វើយ៉ាងណាឱ្យមានកេរ្តិ៍ឈ្មោះល្បី ដោយផ្តោតទៅលើគុណភាពសោភណ្ឌភាព សម្រាប់ផ្ដល់ជូនអតិថិជនរបស់យើង”។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងផងដែរថា តំបន់ផ្លូវ៥៩៨នេះ នឹងក្លាយជាតំបន់ដែលមានការទាក់ទាញខ្លាំង ពីព្រោះតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយទីណាដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទីនោះ នឹងមានការអភិវឌ្ឍអចលនទ្រព្យជៀសមិនផុតឡើយ ។

លោកឧកញ៉ាគីម ហ៊ាង អ្នកអភិវឌ្ឍន៍លំនៅឋានប្រណិតមួយរូបនៅប៉ែកខាងជើងភ្នំពេញបានលើកឡើងផងដែរថា តំបន់ប៉ែកខាងជើងបានក្លាយជាទីចាប់អារម្មណ៍ របស់អ្នកវិនិយោគ និងអ្នកមានជីវភាពធូរធារក្នុងការទិញលំនៅឋានតម្លៃខ្ពស់សម្រាប់ការស្នាក់នៅ ។

អ្វីដែលអ្នកជំនាញផ្សេងទៀតបានបង្ហាញមូលហេតុ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ លើតំបន់ណាមួយនោះ គឺទីណាមានការិយាល័យធ្វើការរបស់មន្ត្រីរាជការធំៗដូចជាក្រសួង មន្ទីរ ស្នងការនឹងធ្វើឱ្យតំបន់នោះមានហាងឆេងទៅលើតម្លៃដី និងទាក់ទាញការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here