ដោយៈ គង់ សូរិយា
ខេត្តកែបៈ ផ្លូវជាតិលេខ៣៣A ដែលជាផ្លូវដ៏សំខាន់មួយត្រូវបានរៀបចំកែលំអរ និងលើកកំពស់សោភ័ណភាព ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តកែប លោកបណ្ឌិត សោម ពិសិដ្ឋ នៅថ្ងៃទី១៣ កញ្ញានេះ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានក្រាល ការ៉ូឡាចិញ្ចើមផ្លូវសំខាន់មួយនេះ។ ផ្លូវលេខ៣៣អា ស្ថិនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងឱកាសអញ្ជើ្ញញចុះពិនិត្យនោះ លោក បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ការកែលម្អដងផ្លូវលេខ33អានេះ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពខេត្ត អោយកាន់តែស្រស់ត្រកាលមួយកំរិតទៀត ក្នុងនោះ មានការរៀបការ៉ូឡា ចាប់ពីឆ្នេរលេងទឹក ទៅទល់នឹងរង្វង់មូលសេះស និងបំពាក់សំណង់សិល្បៈការ្យជាច្រើនកន្លែង និងបំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។
លោកបន្តថា “ខេត្តកែប នឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសារ ទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ ខាងមុខ ដើម្បីទទួលភ្ញៀវជាតិ អន្ដរជាតិ”។
លោកបណ្ឌិតសោម ពិសិដ្ឋបានបន្តថា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ រដ្ឋបាលខេត្តកែប បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ផ្លូវ ប្រព័ន្ធលូរំដោះទឹក ការកែលម្អសោភណភាព សួនកំសាន្ដសាធារណៈ ការពង្រីកឆ្នេរកំសាន្ដថ្មី ប្រវែង២៧០០ម៉ែត្រ ការចាក់ដីពង្រីកទីធ្លាមុខសាលាខេត្ត និងការជម្រុញដល់គ្រប់បណ្ដារសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ក្នុងការចូលរួមផ្ដល់សេវាទេសចរណ៍ប្រកបដោយស្ដង់ដារ ។
ក្រៅពីនេះ បានត្រៀមលក្ខណៈជាស្រេច ក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ ដែលមកសម្រាកកំសាន្ដ នៅលើទឹកដីខេត្តកែបប្រកបដោយផាសុខភាព និងទំនុកចិត្ត៕