រដ្ឋបាលរាជធានីភ្នំពេញសិក្សាទីតាំងព្រែកចំនួន៤ដើម្បីដោះស្រាយការលិចលង់នៅក្នុងខណ្ឌច្បារអំពៅ

0

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយ និងកាត់បន្ថយឱ្យបានពីការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ ដោយនឹងធ្វើការសិក្សាទៅលើទីតាំងចំនួន៤សំខាន់ៗ រួមមាន ទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង។

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការមួយ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឱ្យបានម៉ត់ចត់។

លោកឃួង ស្រេង បានបន្ថែមថា “ក្រោយការសិក្សាបញ្ចប់យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយ៍បូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់ នៅក្នុងខណ្ឌច្បារអំពៅនេះ”។ លោកបន្តថា “គណៈកម្មការនឹងធ្វើការសិក្សាទៅលើទីតាំង សំខាន់ចំនួន៤ នៅក្នុងនោះរួមមាន ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង”។

លោកឃួង ស្រេង បានបញ្ជាក់ថា អង្គការJICA បានធ្វើការសិក្សាបង្កើ​តជាប្លង់គោល នៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥​។ ក្រុមការងារ ក៏ដូចជាគណៈកម្មការត្រូវចុះសិក្សា ដោយយកប្លង់មេរបស់ JICA ឆ្នាំ២០៣៥ ជាគោល។

យ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិច នៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះ ត្រូវតែធ្វើដោយលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរជំនាញចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឱ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិចទឹកភ្លៀង នៅរដូវវស្សានេះ ត្រូវអនុវត្តនការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ តភ្ជាប់ពីបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង១.៧២៦ម៉ែត្រ។

ជីកស្តារប្រឡាយព្រែកប្រា ឱ្យបានទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់ មិនរៀបរយមួយចំនួន នៅលើព្រែកប្រានេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here